(ម៉ាឌ្រីដ)៖ កីឡាករ Lionel Messi បានជួយក្រុមការពារជើងឯក FC Barcelona ក្នុងការប្រជែងយកពាន LaLiga រដូវកាលនេះជាមួយ Real Madrid តាមរយ:ជ័យជម្នះ ១-០ លើក្រុមម្ចាស់ផ្ទះ Real Valladolid នៅរាត្រីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០យប់មិញនេះ។ នេះបើយោងតាមការចេញផ្សាយ CNA នៅថ្ងៃនេះ។

Messi បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Arturo Vidal ស៊ុតបានសម្រេចនៅនាទីទី១៥ នៅកីឡដ្ឋាន Jose Zorilla ដើម្បីក្លាយជាកីឡាករដំបូងគេដែល Assists បានចំនួន ២០គ្រាប់ ក្រោយពេលអតីតមិត្តរួមក្រុម Xavi Hernandez ធ្លាប់ធ្វើបានកាលឆ្នាំ២០០៩។

ជ័យជម្នះសម្រាប់ក្រុម Barca មានន័យថា អធិរាជស Real Madrid មិនទាន់ធានាឈ្នះពាន LaLiga រដូវកាលនេះនៅឡើយទេ បើទោះបីជាពួកគេអាចយកឈ្នះ Granada នៅរាត្រីថ្ងៃចន្ទស្អែកនេះក៏ដោយ។

តែប្រសិនបើពួកគេផ្តួល Granada បានពិតមែននោះ Real នឹងឈ្នះពាន LaLiga ដោយបន្តយកឈ្នះនៅផ្ទះរបស់ Villarreal នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមិនគិតពីលទ្ធផលរបស់ Barcelona ឡើយដែលនៅសល់២ប្រកួត។

និយាយជារួមក្រុមរបស់លោក Zidane ត្រូវការតែ៥ពិន្ទុប៉ុណ្ណោះពីការប្រកួតនៅសល់ ៣លើក ដើម្បីដណ្តើមបានតំណែងជើងឯកលីគលើកទី៣ របស់ពួកគេក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ៕