(ភ្នំពេញ)៖ ហាងកាហ្វេអាម៉ាហ៊្សូន (Amazon) ថ្មីមួយទៀតហើយ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកសម្ពោធជាផ្លូវការហើយ នៅក្នុងផ្សារទំនើប The Point Community Mall ដែលជាសាខាទី១៥២ នៅទូទាំងប្រទេសកម្ពុជា។ សាខានេះស្ថិតនៅបណ្តោយផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិនប្រចាំនៅកម្ពុជា។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការហាងកាហ្វេអាម៉ាហ្ស៊ូន (Café Amazon The Point) ដ៏ធំនេះ មានការចូលរួមជាអធិបតីពីសំណាក់លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ, អគ្គនាយកផ្នែកទីផ្សារលក់រាយកាហ្វេអាម៉ាហ្ស៊ូន នៃក្រុមហ៊ុន PTT មកពីប្រទេសថៃ, លោក មន្ត ច័ន្តសារៈ ម្ចាស់សាខាទី១៥២ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក មន្ត ច័ន្ទសារៈ បានថ្លែងឲ្យដឹងថា ហាងកាហ្វេអាម៉ាហ្ស៊ូន គឺជាហាងលក់កាហ្វេដែលទទួលចំណាត់ថ្នាក់ល្អ និងប្រជាប្រិយភាពនៅប្រទេសថៃ។ ដោយសារតែមានការគាំទ្រខ្លាំង, ហាងកាហ្វេអាម៉ាហ្ស៊ូន ក៏ពង្រីកទីផ្សាររបស់ខ្លួនមកកម្ពុជា ហើយមកទល់ពេលនេះ មាន១៥២សាខាហើយ ដែលបានបើកដំណើរការជាស្ថាពរ។ នេះពិតជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកនិយមទទួលទានកាហ្វេ ជាមួយនឹងកន្លែងមានផាសុកភាពទៀតផង។

ម្ចាស់ហាងវ័យក្មេងរូបនេះបានបន្ថែមថា ហាងកាហ្វេអាម៉ាហ្ស៊ូនមួយនេះ អាចទាក់ទាញអតិថិជនបានច្រើនជាងហាងកាហ្វេដទៃ ដោយសារតែលោកគិតថា ទីតំាំងនៅទីនេះជាចំណុចពិសេស ដែលប្រជាពលរដ្ឋងាយនឹងឃើញផ្លាកសញ្ញា។ បន្ថែមលើនេះ ការតុបតែងមានលក្ខណៈដូចក្នុងផ្ទះ មានសន្តិសុខជួយសម្រួលកន្លែងដាក់យានយន្ត ក៏ព្រោះតែនៅក្នុង The Point Community Mall មានទីតាំងធំទូលាយ ជាពិសេសទាំងតម្លៃកាហ្វេ និងអាហារ គឺសមរម្យ ហើយគុណភាពក៏ល្អដាច់គេ ក្នុងរាជធានីភ្នំពេញ ទើបជំរុញឲ្យលោកហ៊ានបោះទុនវិនិយោគ ដើម្បីបើកជំនួញមួយនេះឲ្យទទួលបានជោគជ័យ។

លោក មន្ត ច័ន្ទសារៈ បានឲ្យដឹងទៀតថា ហាងកាហ្វេអាម៉ាហ្ស៊ូនសាខាទី១៥២នេះ មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់និស្សិត អ្នករកស៉ី និងមន្ត្រីរាជការ សម្រាកលំហែរអារម្មណ៍។ ជាពិសេស នេះជាកន្លែងមួយដែលអាចធ្វើការ កន្លែងណាត់ជួបជជែកកម្សាន្ត ទំាងជាលក្ខណៈមិត្តភាព និងការងារនានាទៀតផង។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវការនេះ Café Amazon The Point ថ្មីនេះ នឹងផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន គឺទិញកាហ្វេ ២កែវ នឹងទទួលបានដបដាក់ទឹក ដ៏ស្រេស់ស្អាតមួយផងដែរ រហូតដល់អស់ពីស្តុក៕