(ភ្នំពេញ)៖ គូឯកប្រចាំសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា បានបញ្ចប់ដោយលទ្ធផលស្មើគ្នាទៀតហើយ រវាងក្លិបភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងជាមួយលទ្ធផល ១-១ នៅកីឡដ្ឋានស្ដាតចាស់ នៅព្រលប់ថ្ងៃទី១២ ខែកក្កដានេះ ស្របពេលក្រុមវិសាខា និងបឹងកេត បានទទួល ៣ពិន្ទុពេញដូចគ្នា ក្រោយលត់គូប្រជែងរៀងៗខ្លួន។
ជាមួយការប្រកួតបិទទ្វារ ដើម្បីការពារជំងឺកូវីដ-១៩ ក្នុងនាមគូជក់ចិត្តប្រចាំសប្ដាហ៍ ភ្នំពេញក្រោន បានបើកការនាំមុខក្រុមម្ចាស់ទឹកដីណាហ្គាវើលដ៏ តាំងពីនាទីទី១ ដែលធ្វើសម្រេចដោយកីឡាករ Timothy Okereke ។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់នាទី៨០ ទើបក្រុមណាហ្គាវើលដ៏ បំបែកពង់មាន់អតីតក្រុមជើងឯក ៦សម័យកាលវិញ ដោយកីឡាករ Marcio ហើយក៏រក្សាលទ្ធផល ១-១ រហូតដល់ចប់ការប្រកួត។
នេះជាលើកទី៣ ហើយ ដែលភ្នំពេញក្រោន បានស្គាល់ពាក្យស្មើក្នុងរដូវកាលឆ្នាំ២០២០ បន្ទាប់ពីប្រកួតស្មើវិសាខា ២-២ កាលពីសប្ដាហ៍មុន ។ តែការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមការពារតំណែងជើងព្រះខ័នរាជស្វាយរៀង បង្កើនគម្លាតពិន្ទុកាន់តែឆ្ងាយ បន្ទាប់ពីក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀងនេះ បានលត់ក្រុមអាស៊ីអឺរ៉ុប ៧-២ ពោលគឺព្រះខ័នរាជស្វាយរៀង រកបាន ១៩ពិន្ទុ ឈរលេខ១ ខណៈភ្នំពេញក្រោន រកបាន ១៥ពិន្ទុ បន្ដឈរលេខ២ ឯក្រុមណាហ្គាវើលដ៏ ធ្លាក់មកឈរលេខ ៥ និងមាន ១២ពិន្ទុក្នុងដៃ។
ដោយឡែកក្រុមវិសាខា បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-០ ដែលធ្វើបានសម្រេចដោយកីឡាករ កែវ សុខផេង ២គ្រាប់ និងកីឡាករ រ៉ឹង ប៊ុនហៀង ២គ្រាប់។ រីឯក្រុមបឹងកេតបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៤-១ នាល្ងាចថ្ងៃអាទិត្យនេះ។ ជ័យជម្នះខាងលើបានធ្វើឲ្យក្រុមទាំងពីរពង្រឹងកៅអីក្នុងតារាង Top-6 ពោលគឺបឹងកេត រក្សាកៅអីលេខ៣ និងមាន ១៤ពិន្ទុ គ្រាដែលវិសាខា បានរំកិលទៅឈរលេខ ៤ វិញ និងមាន ១៣ពិន្ទុក្នុងដៃ៕