(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរវ័យក្មេង វី សម្ផស្ស បានដាក់គោលដៅពង្រឹងការហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីមានសមត្ថភាពចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។
ការបង្ហើបនូវក្ដីសង្ឃឹមជាមួយអាជីពប្រដាល់គុនខ្មែរនេះ ក្រោយពេល វី សម្ផស្ស ត្រូវបានផ្ដល់ឱកាសឲ្យចូលរួមប្រកួតជើងឯកលើកដំបូង ក្នុងកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ រដូវកាលទី២ ដែលទើបបើកការប្រកួតផ្លូវការនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ស្របពេល សម្ផស្យ បានផ្ដួលកីឡាករ ឡូញ វ៉ាន់ដី ឲ្យសន្លប់ត្រឹមទឹកទី៣។
បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាក កីឡាករវ័យ ២០ឆ្នាំ បានសម្ដែងការសប្បាយចិត្ត ហើយថានឹងខំប្រឹងហាត់ឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតបន្ដបន្ទាប់ទៀត ដ្បិតគូប្រជែងសុទ្ធតែខ្លាំងៗមិនអាចធ្វេសប្រហែសបានឡើយ។ មួយវិញទៀត វី សម្ផស្ស ក៏បង្ហើបមហិច្ឆតាចង់មានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សិស្សគុនក្លិបនាគរាជមានជ័យរូបនេះបាននិយាយថា «ខ្ញុំសង្ឃឹមថា នឹងអាចមានសមត្ថភាព ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ»។
គួរដឹងថា កម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ រដូវកាលទី២ គឺមានកីឡាករជើងខ្លាំងទម្ងន់ ៦៣.៥គីឡូក្រាម ៨រូបចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានកីឡាករ វី សម្ផស្ស, សល់ ពិសិដ្ឋ, សោម ពិសិដ្ឋ និង ណាម ម៉ូរ៉ាក់។ រីឯពូល B មានកីឡាករ ស៊ឹម វណ្ណដេត, ឡូញ វ៉ាន់ឌី, ខាំ សាបាន និងកីឡាករ ព្រឿង សុជាតិ។
ចំពោះរូបមន្ដប្រកួត កីឡាករពូល A និងពូល B ត្រូវប្រកួតខ្វែងពូលគ្នា បន្ទាប់មកកីឡាករមានពិន្ទុខ្ពស់ជាងគេ ២នាក់ នៃពូលនីមួយៗត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ថ្ងៃបើកឆាក ក្រៅពី វី សម្ផស្ស កីឡាករ ស៊ឹម វណ្ណដេត ក៏រកបាន ៣ពិន្ទុពេញដែរ ក្រោយវាយឈ្នះកីឡាករ សល់ ពិសិដ្ឋ ដោយពិន្ទុ។
សូមបញ្ជាក់ថា ដើម្បីអបអរការបើកទំព័ររដូវកាលថ្មីនេះ ក៏មានការប្រកួតមិត្តភាពរវាងជើងឯក និងជើងឯករង កាលពីរដូវកាលទី១ រវាងកីឡាករ ប៊ុន សុផុត និង ថាន់ ប៊ុនរ៉ុង ផងដែរ ដោយលទ្ធផល ថាន់ ប៊ុនរ៉ុង បានយកឈ្នះ សុផុត ដោយពិន្ទុ។ ចំណែកគូឯកវិញ កីឡាករ ធី វ៉ារិទ្ធ បានយកឈ្នះកីឡាករ លីន វិរៈ ដោយពិន្ទុដូចគ្នា៕