(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United នឹងហក់ឡើងទៅឈរលេខ៣ ក្នុងតំបន់កៅអី UEFA Champions League វិញ ប្រសិនបើពួកគេអាចយកឈ្នះគូប្រជែង Southampton នៅកីឡដ្ឋាន Old Trafford នារាត្រីនេះ។

ក្រុមរបស់លោក Ole Gunnar Solskjaer បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ដោយមាន ៥៨ពិន្ទុបណ្តោះអាសន្នក្នុងតារាង Premier League ដោយនៅសល់ ៤ប្រកួតទៀត មុនបិទរដូវកាលឆ្នាំ២០១៩-២០២០ នេះ និងឡើងទៅឈរនៅលេខរៀងទី៣ ប្រសិនបើអាចបន្ថែម ៣ពិន្ទុក្នុងផ្ទះទៅលើក្រុមភ្ញៀវ Southampton នាម៉ោង ០២៖០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ ដែលជាការរកគ្រាប់នាំមុខរបស់កីឡាករខ្សែបម្រើ Daniel James មុនពេល David De Gea បានរបូត ១គ្រាប់វិញដែលជាគ្រាប់តាមស្មើនោះ នៅដើមវគ្គទី២។

៣ពិន្ទុរាត្រីនេះសំខាន់ណាស់សម្រាប់បិសាចក្រហម នៅពេល ក្រុមលេខ៣ បច្ចុប្បន្ន Chelsea និងលេខ៤ Leicester City សុទ្ធតែបរាជ័យដូចគ្នាកាលពីសប្តាហ៍មុន។

តោខៀវ Chelsea បានបរាជ័យ ៣-០ នៅក្នុងផ្ទះរបស់ Sheffield United កាលពីរាត្រីថ្ងៃសៅរ៍ មុនពេល Leicester City ដែលជាជើងឯក Premier League កាលឆ្នាំ២០១៦ នោះ បានបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ AFC Bournemouth ៤-១ នៅរាត្រីថ្ងៃអាទិត្យ ជាការបើកផ្លូវឲ្យ Manchester United ឡើងទៅឈរនៅលេខ៣ វិញ ក្នុងការទទួលបានកៅអី១ ដើម្បីមានសិទ្ធិលេងនៅពានរង្វាន់អឺរ៉ុប Champions League សម្រាប់រដូវកាលក្រោយ ប្រសិនបើកអាចយកឈ្នះ Southampton រាត្រីនេះ៕