(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ ហាក់មានការសោកស្ដាយជាក់ខ្លាំង ចំពោះលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមភ្ញៀវភ្នំពេញក្រោននៅល្ងាចថ្ងៃអាទិត្យ ទី១២ ខែកក្កដា ហើយលោកថា បើសិនគ្មានគ្រាប់បាល់នាំមុខកើតឡើងនៅ ៣១វិនាទីដំបូងទេ ក្រុមខ្លួនអាចនឹងទទួលបាន ៣ពិន្ទុពេញទៀតផង។
គ្រូបង្វឹកកម្រិត A-License ខាងលើបានបន្ដថា ការប្រកួតម្សិលមិញ ណាហ្គាវើលដ៏ ហាក់គ្មានសំណាងឡើយ ទោះបីមានឱកាសច្រើន តែធ្វើមិនបានសម្រេច ពិសេសការរបូតគ្រាប់បាល់នៅដើមតង់ទី១ ដែលនាំឲ្យក្រុមមានការប្រែប្រួល ទម្រាំរៀបចំក្រុមបានល្អប្រសើរឡើងវិញ នៅតង់ទី២ រហូតមានឱកាសរកបានគ្រាប់បាល់តាមស្មើ នៅនាទី៨០ ដោយកីឡាករ Marcio។
លោកថា «ប្រកួតម្សិលមិញ ទី១-ក្រុមខ្ញុំអត់សំណាងសោះម្សិលមិញ ទី២-ទាក់ទងនឹងគ្រាប់បាល់ទី១ សំខាន់បំផុត គឺនៅវិនាទីទី៣១ ដែលភ្នំពេញក្រោនទាត់ចូល វាលឿនពេក ដល់ចឹងទៅធ្វើហ្គេមប្រែប្រួល។ ម្សិលមិញ បើសិនជាមិនទាន់មាន ១គ្រាប់ហ្នឹង ណាហ្គាអាចឈ្នះ។ ចង់និយាយថា បាល់គេព្យាយាមបុក ខ្ញុំព្យាយាមវាយបក វាអាចនឹងទទួលបានជោគជ័យហើយ ក៏ប៉ុន្ដែគេមាន ១គ្រាប់ហើយ គេព្យាយាមការពារ ធ្វើឲ្យយើងពិបាករៀបចំក្រុម»។
សម្រាប់គូឯកប្រចាំសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជានេះ ភ្នំពេញក្រោន បានបើកការនាំមុខតាំងពី ៣១វិនាទីដំបូងពីកីឡាករ Timothy Okereke ទាត់មួយជើងដ៏ល្អពីចម្ងាយ។ បន្ទាប់មកក្រុមទាំង២ បានព្យាយាមដាក់សម្ពាធ ដើម្បីរកគ្រាប់បាល់រៀងៗខ្លួន ក្នុងនោះក្រុមលោក មាស ចាន់ណា ក៏មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រម្ដងដែរ តែធ្វើមិនបានសម្រេច។ រហូតដល់នាទី៨០ ទើបកីឡាករ Marcio ជួយក្រុមណាហ្គាវើលដ៏ តាមក្រុមភ្នំពេញក្រោន ១-១ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
យ៉ាងណាមិញទោះបីចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវក្ដី តែលោក មាស ចាន់ណា នៅតែសរសើរកូនក្រុមធ្វើបានល្អក្នុងការប្រកួតដ៏តានតឹងនេះ បន្ទាប់ពីណាហ្គាវើលដ៏ បានធ្វើការងារធ្ងន់ៗ ២ប្រកួតជាប់គ្នា ក្រោយការប្រកួត្រឡប់មកវិញ ២សប្ដាហ៍ចុងក្រោយ ពោលគឺក្រោយក្រុមខ្លួនវាយបកឈ្នះក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីសប្ដាហ៍ទី៦ កន្លងទៅ។ បច្ចុប្បន្នណា បានធ្លាក់មកឈរលេខ៦ និងមាន ១២ពិន្ទុក្នុងដៃស្មើក្រុមអង្គរថាយហ្គឺរ តែចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ។
អ្វីដែលសំខាន់ គឺការប្រែប្រួលស្ថានភាពនៅតង់ទី២ បន្ទាប់ពីយើងមើលឃើញស្ថានភាពនៅតង់ទី១ វាបានកើតឡើងនៅតំបន់កណ្ដាល បានន័យថាបាត់បង់បម្រើការពារកណ្ដាលថែមមួយទៀត ទើបមានការប្រែប្រួល តែយើងមានឱកាសទាត់ចូលតាមស្មើវិញដ៏អស្ចារ្យ៕