(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះបឋមរបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដសមត្ថភាពត្រៀមចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នៅប្រទេសអ៊ូបេគីស្ថាននាខែតុលាខាងមុខ។

ចំពោះកីឡាករត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំ និងធ្វើតេស្ដ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Gyotoku Koji គឺមានចំនួនសរុប ៣៨នាក់ ក្នុងនោះភាគច្រើនជាកីឡាករដែលបានរួមចំណែកជួយក្រុម U19 កម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ៤៥ឆ្នាំឡើងជុំផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែកាលបរិច្ឆេទប្រមូលផ្ដុំ សហព័ន្ធមិនបានបញ្ជាក់នោះទេ តែកន្លងមកមានមន្ដ្រីសហព័ន្ធធ្លាប់បានបង្ហើបថា គ្រោងនឹងប្រមូលផ្ដុំក្នុងសប្ដាហ៍នេះ។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់។ កម្មវិធីប្រកួតក្នុងពូលរួមមានកម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ នៅថ្ងៃទី២០-តុលា ឆ្នាំ២០២០៕