(ភ្នំពេញ)៖ ភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ មិនមែនមានតែប្រជានកម្ពុជាក្នុងនិងក្រៅប្រទេសទេដែលបានគាំទ្រ គឺនៅតាមបណ្តាលប្រទេសផ្សេងនាៗលើលោកពិភពលោក ក៏ចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» មួយរូបផងដែរ។ ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក។​ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យអ្នកគាំទ្រលោកចង់ដឹងរិតតែខ្លាំងថា អ្វីដែលជំរុញលោកទទួលបានតំណែងល្បីល្បាញមួយនេះ? តើជីវភាពរស់នៅប្រចាំថ្ងៃ និងទ្រព្យសម្បត្តិ មានអ្វីខ្លះ?

* អំពីប្រវត្តិសង្ខេប ជីវិតគ្រួសារ និងការសិក្សា

លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ នៅស្រុកកំណើតខេត្តបាត់ដំបង ក្នុងរបបប៉ុលពត (បច្ចុប្បន្នអាយុ៤៥ឆ្នាំ)។​​ ឪពុក​ឈ្មោះ ព្រាប​ សុ​វុទ្ធ (ត្រូវបានសម្លាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៧​)។ ម្តាយឈ្មោះ ផូ សំណាង​ ជាមន្ត្រីរាជការ។ ប្រពន្ធឈ្មោះ​ ឡុង ស្រីមុំ។ មានកូន៣នាក់ ប្រុសទាំង៣នាក់ ​កូនទី១ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កូនទី២ឈ្មោះ សុវត្ថិ មុន្និនាគ កូនទី៣ឈ្មោះ សុវត្ថិ មុន្និសិរីវុទ្ធ​ ។ បច្ចុប្បន្នជាអ្នកចម្រៀងក្នុងផលិតកម្ម«​ហង្សមាស»។

ក្រោយពេលចេញពីរបបប៉ុលពត កុមារ​ ព្រាប សុវត្ថិ រស់នៅជាមួយម្តាយមេម៉ាយ ធ្វើការជាកសិករនៅស្រុកកោះធំ ហើយក្រោយមករស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅឆ្នាំ១៩៨២ ព្រាបសុវត្ថិ និងម្ដាយបានផ្លាស់មកភ្នំពេញ។ ឆ្នាំ១៩៩៣បានបញ្ចប់វិទ្យាល័យ ហើយបានបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។ ឆ្នាំ១៩៩៤បានចូលបំរើកងទ័ពនៅអង្គភាពការិយាល័យនយោបាយ។ បច្ចុប្បន្នមានឋានន្តរស័ក្តិថ្នាក់វរៈសេនីយ៍។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ

នៅពេលលោក ព្រាប សុវត្ថិ ចូលបំរើកងទ័ព នៅអង្គភាពការិយាល័យនយោបាយ និងបានច្រៀងក្នុងអង្គភាពផង។ នេះជាចំណុចចាប់ផ្តើមនៃជីវិតសិល្បៈរបស់លោក។ បើយើងនៅចាំបានបទដំបូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកស្តាប់ចម្រៀងនាសម័យនោះគឺបទ «អូនមិនមែនសង្សារបង» ដែលច្រៀងរួមគ្នាជាមួយ កញ្ញា ​ទូច ស៊ុននិច​ ជាមួយបទផ្សេងទៀតចំនួនប្រហែល១០បទ​។ បន្ទាប់ពីប្រជាប្រិយភាពនៃបទចម្រៀងដំបូងនេះ អ្នកទាំងពីរបានចូលរួមក្នុងផលិតកម្មធំបំផុតមួយនៅកម្ពុជា ផលិតកម្ម «ហង្សមាស» ក្នុងឆ្នាំ១៩៩៧។

ដល់ចំណុចនេះយើងសូម​នាំលោកអ្នក មកស្គាល់ពីជីវិតក្រោមពន្លឺភ្លើងពណ៌របស់លោក​ ព្រាប សុវត្ថិ ជាមុនសិន។ នៅឆ្នាំ១៩៩៧ ពេលលោក ព្រាប សុវត្ថិ ចូលបំរើកងទ័ពនៅអង្គភាពការិយាល័យនយោបាយ និងជាអ្នកចម្រៀងក្នុងអង្គភាពកងទ័ព នោះលោកក៏ឆ្លៀតច្រៀងក្នុង​រង្គសាល «មេគង្គ» ដែលជិតរង្វង់មូលនាង​គង្ហីង និងបន្ទាប់មកបានប្តូរទៅច្រៀងនៅរង្គសាល «ប៉ាស៊ីហ្វិក ឃីស៍» ផ្លូវកម្ពុជាក្រោម រួមជា​មួយលោក ជ្រឹង​​ ប៊ុណ្ណារីទ្ធ​ (បញ្ជាក់លោក ជ្រឹង​​ ប៊ុណ្ណារីទ្ធ​ ជាឪពុក​កីឡាករ ជ្រឹង ពលរដ្ឋ តែលោក ជ្រឹង​​ ប៊ុណ្ណារីទ្ធ​ បានទទួលមរណៈភាពហើយ)។

យើងដឹងហើយថា​​ អ្នកចម្រៀងត្រូវការរក្សា​សម្លេងនិងសុខភាព​ណាស់ ដូចនេះហើយ​អ្នកចម្រៀងតាមរង្គសាល គេចមិនផុតពីការអញ្ជើញជល់កែវ​ពីភ្ញៀវឡើយ បញ្ហានេះហើយលោក ព្រាប សុវត្តិ តែងតែសម្រប់សម្រួលជាមូយភ្ញៀងជានិច្ច។ ដើម្បីគេចពីបញ្ហាខាងលើនេះ លោក​ ព្រា​ប សុវត្ថិ​​ បានប្តូរមកច្រៀង​នៅភោជនីយ៍ដ្ឋាន​តន្ត្រី «ហង្សនាគ» នៅត្រើយម្ខាង​ជ្រោយចង្វាវិញម្តង ព្រោះថាការច្រៀងនៅភោជនីយដ្ឋាន​តន្ត្រីមានពេលសំរាកបានច្រើន មិនដល់យប់ជ្រៅ។ ការចូលច្រៀងតាមទីតាំងខាងលើដើម្បីជួយសម្រាល ជីវភាពគ្រួសារដែលមានម្តាយ​ជាស្ត្រីមេម៉ាយ។

វិលមកការងារសិល្បៈក្នុងដំបូលផលិតកម្ម «ហង្សមាស» វិញ នៅឆ្នាំ១៩៩៨ បើយើងចាំមិនភ្លេចនោះ​បទដំបូង​ដែលបានអង្រួនអារម្មណ៍អ្នកស្តាប់ ពិសេសកុមារតូចៗនោះគឺបទ «មានថ្មីម្តេចមិនប្រាប់» ដែលបានដាក់ក្នុងរឿងភាគ​ចិនគឺរឿង ​«តុលាការមុខដែក» នៅក្នុងស្ថានីយ​ទូរទស្សន៍បុស្តិ៍លេខ៣។ បន្ទាប់មកទៀតក្រុមហ៊ុន «ហង្សមាស» បានជ្រើសរើសឲ្យលោកចាប់ដៃគូជាមួយ​ អ្នកស្រី ហ៊ឹម ស៊ីវន មានបទ «ហែកបេះដូង» «សន្យាឲ្យថ្លៃ» ជាអាលប៊ុមទី២​។

អាលប៊ុមទី២នេះហើយដែលបានទាក់ទាញអ្នកនិយមច្រៀង Karaoke។ គេនៅចាំបានថា ពេលនោះមិនទាន់មាន CD, VCD នៅឡើយទេគឺមានតែ ​«កាសែត Karaoke» ហើយនៅតាមបន្ទប់ Karaoke និងតាមផ្ទះតែងតែឮបទនេះមិនដាច់។ បន្ទាប់មក​មានបទ «ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា» «ម្អមស្រែ» «សន្យាស្រុកស្រែ» «កុលាបខ្មៅ» «ថ្នម»។ល។ បានចេញជា CD, VCD, DVD បណ្ដើរៗ។

លោក ព្រាប សុវត្ថិ ឈរជើងក្នុងផលិតកម្ម «ហង្សមាស» រយៈពេល២០ឆ្នាំដ៏នឹងន មិនដែលមានពាក្យចចាមអារ៉ាថាចង់ប្តូរទ្រនំម្តងណាឡើយ។ ក្នុងផលិតកម្ម «ហង្សមាស» ​លោក ព្រាប សុវត្ថិ អាចច្រៀងឆ្លើយឆ្លង ជាមួយអ្នកចម្រៀងស្រីបានគ្រប់គ្នាទាំងអស់ នេះដោយសារលោកមានស្ទាយសំលេងច្រើនបែប​ និងគ្រប់ចង្វាក់ផងដែរ។ លោកតែងលេងម៉ូដសក់ សម្លៀកបំពាក់ប្លែកៗ​ទៅតាមសម័យកាល ហើយអ្វីដែលពិសេសនោះស្ទីលរាំរបស់គាត់។​ ក្នុងវិស័យចម្រៀង​​ លោកបានបន្សល់ស្នាដៃជាងមួយពាន់បទ ដែរពុំមានអ្នកចម្រៀងខ្មែរណាអាចប្រៀបផ្ទឹមនាសតវត្សរ៍ទី២១នេះ។ មិនតែប៉ុណ្ណោះលោកបានបញ្ចេញទេកោសល្យក្នុងការសម្ដែងក្នុង MV យ៉ាងល្អ ហើយក៏បានរូមសម្តែងភាពយន្តខ្នាតធំក្នុងរឿង «អ្នកនេសាទក្រពើ» ដែលបានដាក់បញ្ជាំងបានយូរជាងគេគ្រប់រោងភាពយន្ត​ក្នុងប្រទេសកម្ពុជានាពេលនោះ។

ក្នុងឆ្នាំ២០០៣ លោក ព្រាប សុវត្ថិ បានចូលរួមមហោស្រពតន្រ្តីប្រទេសជប៉ុន។ ឆ្នាំ២០១០ លោក ព្រាប សុវត្ថិ បានចូលការប្រគំតន្ត្រីមិត្តភាពខ្មែរ-ថៃ។ រយៈពេល៤ឆ្នាំជាប់ៗគ្នា លោក ព្រាប សុវត្ថិ បានឈរលើឆាកតន្ត្រីដ៏ធំក្នុងប្រទេសកម្ពុជា ដែលមិនឆ្លាប់មានពីមុនមកគឺ «Best of the Best» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ ដែលរៀបចំដោយផលិតកម្ម «ហង្សមាស»។ លោក ព្រាប សុវត្ថិ បានចូលរូមតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងពានរង្វាន់តន្ត្រីពិភពលោកឆ្នាំ២០១៤ ហើយត្រូវបានតែងតាំង «តារាឆ្នើម» នាពេលនោះ។ លោកបានចូលរួមការប្រគំតន្ត្រី នៃយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីបញ្ចប់ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សនៅអាស៊ី។
មហោស្រពតន្រ្តីអាស៊ានសំរាប់ព្យាបាលឆ្នាំ២០១៣។ ទាំងអស់នេះហើយ ដែលលោក ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកជា «តារាឆ្នើមរបស់កម្ពុជានៅសតវត្សរ៍ទី ២១» ហើយក៏ជាតារាសម្តែងដែលមិនចេះរីងស្ងួត។ រយៈពេលចុងក្រោយ លោក ព្រាប សុវត្ថិ ក៏ត្រូវបានជ្រើសរើស​ជា​ Coach នៃកម្មវិធី «Cambodian Idol» រដូវកាលទី១ របស់កម្មវិធី «Cambodia’s Got Talent» ក៏ដូចជា «The Voice Kid Cambodia» ផងដែរ។

* អំពីជីវិតស្នេហា

រឿងស្នេហាវិញ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ​១៩៩៧នៅភ្នំពេញ។ នៅពេលដែលលោក ព្រាប សុវត្ថិ រៀបការពុំសូវមានការចាប់អារម្មណ៍ឡើយអាចថា ពេលនោះលោកមិនទាន់មានកេរ្តិ៍ឈ្មោះដូចបច្ចុប្បន្ន ហើយក៏មិនសូវមានអ្នកសារព័ត៌សួរនាំឡើយ។ រឿងមួយបែបទៀតនោះ​ ដោយលោកតែងហាត់កីឡាជាប្រចាំធ្វើឲ្យសម្រស់លោកនៅក្មេងជាងវ័យ ដែលធ្វើឲ្យអ្នកខ្លះអត់ចាប់អារម្មណ៍ថា លោកមានភរិយាទេនាពេលនោះ។

លុះដល់ឆ្នាំ២០០៤ លោកបានថតនិងសម្តែងបទ ​«ឪពុក» ហើយបានយកកូនប្រុសបងមកសម្ដែងជាមួយ ទើប​បានអ្នកគាំទ្រភាគច្រើនដឹងថា លោកមានភរិយា​ និងមានកូនប្រុសរួចទៅហើយ​។​ ចាប់ពីពេលនោះមកទើបគេដឹងតៗគ្នាថា លោកមានភរិយា​​ហើយ និងឆ្នាំ២០១៨ កូនទាំងបី បានចេញមកប្រកាសជា​​អ្នកចម្រៀង​ក្នុងផលិតកម្ម ជាមួយលោកដែរ។ អ្វីដែលមើលឃើញនោះ​ជីវិតស្នេហារបស់លោក ពុំដែលលេចឮព័ត៌មានមិនល្អឡើយ ឃើញតែភាពស្រស់ស្រាយពោពេញដោយក្តីសុខនិងសុភមង្គល។

តាមការឲ្យដឹងពីអតិថិជនម្នាក់ឧស្សាហ៍ទៅកាត់នៅគាត់សក់នៅហាង «កាត់សក់ព្រាបសុវត្ថិ» បានបង្ហើបថា ពេលខ្លះប្រហែលជាមានការ «ង៉កងរ»​ គ្នារវាង​លោក ព្រាប សុវត្ថិ​ និង​ភរិយា​​, ពេលខ្លះលោកអោប​ខ្នើយនិងភួយ​មក គេងនៅហាងកាត់​​ដែលស្ថិតនៅទល់មុខផ្ទះនោះ (ផ្ទះម្តាយលោក​ដែលរស់នៅពេលនោះ)។

* អំពីរឿងអាស្រូវ

ឈជើងជាតារាល្បី ពិតជា​មហាជនចង់ដឹងណាស់ពីរឿងវិបត្តិ ឬរឿងអាសូវ តែចំពោះលោក ព្រាប សុវត្ថិ និងគ្រុមគ្រួសារលោកមិនដែលលេចធ្លាយរឿងមិនល្អម្តងណាឡើយ។ តែថ្មីៗនេះ (ក្នុងឆ្នាំ២០២០) មានទំនាស់អ្នកជិតខាងលើបញ្ហាដីផ្លូវក្បែរផ្ទះរបស់លោក និងការប្រកាន់ថាសំលេងរថយន្ត​កូនលោកពេលយប់រំខាន់អ្នកជិតខាង។ ក្រោយលោកទទួលបានដំណឹងនេះលោកមិនបានទុកចោលមិនបានដោះស្រាយនោះឡើយ លោកបានអញ្ជើញអ្នកជិតខាងលោកដោះស្រាយបញ្ចប់សព្វគ្រប់ហើយនៅពេលនេះ។

* អំពីទ្រព្យសម្បត្តិ

នាយុគសម័យថ្មីនេះ មហាជនដែលជាអ្នកគាំទ្រ «បុគ្គលឆ្នើម ឬអ្នកជោគជយ» នោះតែងតែចង់ដឹងថាបុគ្កលនោះមានទ្រព្យសម្បត្តិប៉ុន្មាន មានអចនទ្រព្យអ្វីខ្លះ ពិសេសការរស់នៅនិងទម្លាប់របៀបណាខ្លះ? ខាងក្រុមនេះយើងនឹងបង្ហាញជូន៖ តាមការស្វែងរកចំពោះចំនួនតួលេខនៃទ្រព្យសម្បត្តិនោះ​ យើងមិនអាចបញ្ជាក់ពិតប្រាកដបានឡើយ​ តែយើងអាចដឹងបានថា៖ លោក​ ព្រាប សុវត្ថិ មានហាងកាត់សក់​មួយកន្លែងនៅតំបន់ទួលគោក (ផ្សារមាន់អាំង) មានកំពស់៣ជាន់ និងផ្ទះរស់នៅដំបូងនៅខាងមុខមានហាងកាត់សក់ (ដែលជាផ្ទះម្តាយគាត់) ដីក្នុងតំបន់ទួលគោកជាតំបន់លំដាប់ខ្ពស់មាន​តំលៃ​ប្រហែលពី២៥០០ដុល្លាទៅ ៣០០០ដុល្លាក្នុងមួយម៉ែត្រក្រឡា។ ផ្ទះរស់នៅសព្វថ្ងៃ​និងរោងសិប្បកម្មឈើ នៅខណ្ឌសែនសុខដែលជាតំបន់កំពុងអភិវឌ្ឍន៍។ ​ភោជនីយដ្ឋាន​មួយកន្លែង ព្រមទាំងមានភាគហ៊ុនក្នុងក្រុមហ៊ុនអចលនទ្រព្យមួយកន្លែង។

ចំណែក​សព្វថ្ងៃ លោក ព្រាប សុវត្ថិ ជិៈរថយន្ត ISUZU ទំនើប​ពណ៌ខ្មៅ ដែលមានតំលៃជាង១០ម៉ឺនដុល្លារ។ ភរិយាលោកជិៈរថយន្តរថយន្ត Range Rover សេរីទំនើបតំលៃជាង១០ម៉ឺនដុល្លារ។ ហើយ​កូនទី១​ ប្រើរថយន្តម៉ាក​ Mercedes-AMG C63 ពណ៌ស ដែលមានតំលៃប្រមាណជាង១០ម៉ឺនដុល្លារ។ កូនទី២ ប្រើរថយន្តស៊េរីថ្មី DODGE challenger srt demon 2018 តំលៃជិត១០ម៉ឺនដុល្លារ។ កូនទី៣ រថយន្តស៊េរីថ្មី Mazda សេរីទំនើប មានតំលៃក្រោម១០ម៉ឺនដុល្លារ។ ក្រៅពីនេះលោក ព្រាប សុវត្ថិ អាចនៅមានអចលនទ្រព្យផ្សេងទៀតផងដែរ។

* អំពីប្រាក់ចំណូលនិងជំនួញក្រៅពីសិល្បៈ

មិនខុសពី​លោកស្រី ឱក​​ សុគន្ធកញ្ញា​ ទេចំពោះចំណូលពីការចញច្រៀងក្នុង​ផលិតកម្ម​យើងមិនអាចដឹងបានទេ ព្រោះជាកិច្ចការរវាងលោកនិងផលិតកម្ម តែប្រហែលជាមានការវិវឌ្ឍជាប្រចាំចំពោះតំលៃ។ ចំណែកការចេញសំដែងក្រៅប្រទេសដូចជាទៅសំដែងនៅ​ «កូរ៉េ» ទៅជាលក្ខណៈក្រុមហ៊ុនដៃគូរ​​លើ​វិស័យ​អចលនទ្រព្យ ក្នុងក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា។ ដោយឡែកការសម្តែងតាមការប្រគំតន្រ្តី មានពី៣០០០ដុល្លារ ទៅ ៥០០០ដុល្លារ។ ចំពោះការច្រៀងតាមមង្គលការមួយរយៈនេះ​ មិនសូវបានឃើញលោកចេញច្រៀងឡើយ។

ក្នុងនាមជា «កំពូលតារា» ពិតជាមានការចាប់អារម្មណ៍ពីបណ្តាលក្រុមហ៊ុននាៗជាមិនខាន។ មួយឆ្នាំចុងក្រោយនេះលោកបានឈរជើងលើផលិតផលមួយចំនួនដូចជា ក្រុមហ៊ុនទូរស័ព្ទ VIVO, ក្រុមហ៊ុនរថយន្ត ISUZU, ក្រុមហ៊ុនវិស័យ​អចលនទ្រព្យ និងសំណង់ MarganEn Maion, ធនាគារ DGB​ និងនៅមានក្រុមហ៊ុនមួយចំនួនទៀត ដែលមិនបានរៀបរាប់អស់។ ចំពោះចំណូលពីតំណែងជាទូតសុឆន្ទៈនោះមានតំលៃលំដាប់ពិភពលោកមិនក្រោម១០ម៉ឺនដុល្លារឡើយ។​

* ទម្លាប់និងចំណង់ចំណូលចិត្ត

លោក ព្រាប សុវត្ថិ មានចំណូលចិត្តលេងរថយន្ត និងម៉ូតូ យើងនៅចាំបានថា នៅឆ្នាំ១៩៩៧ លោក ព្រាប សុវត្ថិ ជិះម៉ូតូ «ណៃហត» មុនអ្នកចម្រៀងផ្សេងទៀត បន្ទាប់មក​ជិះម៉ូតូ Rebel «ម៉ូតូឆ្កែ» ដែលនាពេលនេះតំលៃក៏មិនធម្មតាដែរ។ បន្ទាប់មកទៀតនាឆ្នាំ​១៩៩៩ លោក ព្រាប សុវត្ថិ ប្រើរថយន្តស្ព៊ត «​Sport» មុន​គេគឺរថយន្តម៉ាក «Cilica Sport» ពណ៌ក្រហម។ នាពេលនោះកម្រឃើញលោក ព្រាប សុវត្ថិ ប្រើរថយន្តទេសចរណ៍ណាស់​ ដូចជាបច្ចុប្បន្ន​កូនៗរសប់លោកក៏និយមរថយន្ត Sportដែរ។

ចំពោះសម្លៀកបំពាក់ ម៉ូដសក់ លោកនិយមចេញម៉ូដផ្ទាល់ខ្លួន ដោយមានជាងកាត់ដេរ និងជាងកាត់សក់ផ្ទាល់ខ្លួនដែរ។ លោក ព្រាប សុវត្ថិ ​និយមពាក់ក្រវិលម្តងម្កាលទៅតាមកម្មវីធី និងបទចម្រៀងត្រូវសម្តែង។ ​ចំពោះគ្រឿងអលង្កាលោកនិយមពាក់នាឡិកា​​និងខ្សែដៃ។ លោកហាត់ប្រាណ​នៅផ្ទះជាប្រចាំ និងរៀងរាល់ថ្ងៃត្រូវហាត់រាំជាមួយក្រុមរាំ។ ក្នុងកម្មវីធីសង្គម​លោក និយមពាក់អាវ​ធំខ្មៅ (អាវ​ធំ) ពីលើអាវដៃវែង។ យូរៗមានដំណើរកំសាន្តជាមួយគ្រួសារម្តង។ ​បច្ចុប្បន្នពេលកូនលោកទៅសម្តែងតែងតែជូនទៅដោយផ្ទាល់។ ក្នុងកម្មវីធីជប់លៀងលោក​និយមពិសារស្រាវិស្គី និង​ទឹកសុទ្ធ មិនសូវនិយមអាហារមានជាតិខ្លាញ់។​ ពេលទៅកម្មវិធី​ ឬការងារ​មិនដែលយឺតពេលឡើយ។​លោកតែងតែលេងសើចជាមិត្តភាពជាមួយក្រុមការងារសិល្បៈ ក៏ដូចជាក្រុមការងារ​ជំនួញ៕