(តូក្យូ)៖ សមាគមកីឡាចំបាប់ស៊ូម៉ូរបស់ជប៉ុន បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលរួមទស្សនា នៅក្នុងការប្រកួត ក្នុងខែកក្កដានេះ នៅឯទីលានប្រកួតស្ថិតក្នុងទីក្រុងតូក្យូ បើទោះបីជាថ្មីៗនេះ ចំនួនករណីឆ្លងវីរ៉ុស មានការកើនឡើង នៅក្នុងទីក្រុងនេះក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែកក្កដានេះ។

សមាគមមួយនេះ បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនទៀតថា អ្នកទស្សនាប្រមាណ២,៥០០នាក់ក្នុងមួយថ្ងៃ ឬក៏២៥ភាគរយ នៃសមត្ថភាពផ្ទុក របស់សាលទស្សនាការប្រកួត នឹងអនុញ្ញាតឲ្យចូល ទស្សនា ក្នុងការប្រកួតរយៈពេល១៥ថ្ងៃ ដែលត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី១៩ ខែកក្កដានេះ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19។

វាគឺជាប្រកួតដំបូងគេ នៃកីឡាបុរាណនេះដែលមានអ្នកទស្សនា ចាប់តាំងខែមករាមក។ ជាធម្មតាកីឡាប្រភេទនេះ មានការ ប្រកួតចំនួន៦ នៅទូទាំងប្រទេសជប៉ុន ជារៀងរាល់ឆ្នាំ។

ការសម្រេចចិត្តឲ្យមានអ្នកចូលរួមទស្សនានេះ បានធ្វើឡើង ស្របពេលដែលមានការកើនឡើងថ្មី នៃជំងឺឆ្លង COVID-19 នៅក្នុងទីក្រុងតូក្យូ ដោយករណីថ្មី ចំនួន២៤៣ករណី ត្រូវបានគេរកឃើញក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន។

គួរំលឹកថា ក្នុងខែឧសភា, កីឡាករកីឡាស៊ូម៉ូ វ័យ២៨ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីបានឆ្លងជំងឺ COVID-19, បានក្លាយជាកីឡាករដំបូង នៅក្នុងប្រទេសជប៉ុន ដែលបានស្លាប់ ដោយសារជំងឺ COVID-19៕

http://image.freshnewsasia.com/2020/id-021/July/fn-2020-07-13-21-46-16-2.JPG