(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup - ថ្នាក់ខេត្ត លើកទី១៤ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងទៅប្រជែងតំណែងជើងឯក នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះហើយ។

ចំពោះកម្មវិធីប្រកួតជើងទី១ គឺក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារផ្ទះស្វាគមន៍ខេត្តកែប នៅកីឡដ្ឋានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ និងក្រុមជម្រើសខេត្តសៀមរាប ត្រូវជួបក្រុមជម្រើសខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តសៀមរាបដែលនឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៣រសៀលដូចគ្នា។

រីឯការប្រកួតជើងទី២ វិញ គឺជាការប្រកួតផ្លាស់ប្ដូរទឹកដី ដោយខេត្តត្បូងឃ្មុំ ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះខេត្តកែបវិញម្ដងនាថ្ងៃទី២២ ខែកក្កដាសប្ដាហ៍ក្រោយ ហើយថ្ងៃជាមួយគ្នានោះ ខេត្តសៀមរាបត្រូវធ្វើដំណើរមកជួបខេត្តព្រៃវែង ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត។

គួរដឹងថា ក្រុមជម្រើសខេត្តទាំង៤ ខាងលើ បច្ចុប្បន្នក៏ជាបេក្ខភាពត្រៀមចូលរួមប្រកួតពានសម្ដេចតេជោ-ថ្នាក់ជាតិផងដែរ ដូច្នេះទោះបីឈ្នះ ឬចាញ់ ក្រុមនីមួយៗនៅសល់ភារកិច្ចសំខាន់មួយទៀត គឺការត្រៀមខ្លួនជួបក្រុមសមាជិកលីគកំពូលកម្ពុជា ១២ក្លិបក្នុងការប្រកួតពានថ្នាក់ជាតិ នាខែសីហាខាងមុខ៕