(ភ្នំពេញ)៖ លោក ហែម លំផាត់ អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងវ័យ ៤៩ឆ្នាំ ដោយរោគាពាធ។

តាមការឲ្យដឹងពីលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា លោក ហែម លំផាត់ មានអាការៈឈឺពោះ ១សប្ដាហ៍មកហើយ បន្ទាប់មកគ្រួសារលោកក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទើបដឹងថា គាត់ធ្លាយក្រពះ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលហើយដែរ តែនៅតែមានឈាមហូរ រហូតដល់យប់មិញ លោកបានធ្វើទុក្ខខ្លាំងរហូតទទួលមរណភាពតែម្តង។

ជាមួយមរណភាពរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកនេះ គ្រួសារកីឡាហែលទឹក ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានគ្រូបង្វឹកដ៏ឆ្នើម ដែលធ្លាប់បង្វឹក និងផលិតធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន ដើម្បីចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ នេះបើតាមការបន្ថែមមរបស់លោក យី វាសនា។

លោកបន្ដថា ដោយឡែកសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត ដែលមានលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជាប្រធានវិញ ក៏បានខ្នះខ្នែងជួយមើលថែលោក ហែល លំផាត់ តាំងពីទទួលបានដំណឹងលោកធ្លាក់ខ្លួនឈឺម្លេះ ហើយលោកក៏មានការសោកស្ដាយជាខ្លាំងដែរ ។ ជាមួយគ្នាលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានប្រកាសទទួលខុសត្រូវទាំងស្រុងលើការចំណាយក្នុងការរៀបចំបុណ្យសពលោក ហែម លំផាត់ ទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្នសពលោក ហែម លំផាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន(ផ្ទះ១៨៩) សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវ ២០០៤ ហើយគ្រោងដង្ហែរទៅបូជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ មុនទទួលមរណភាពលោក ហែម លំផាត់ ក៏មានកូន ៣នាក់ក្នុងបន្ទុកផងដែរ៕