(ក្រុងឡុងដ៍)៖ Chelsea បានយកឈ្នះក្រុមភ្ញៀវ Norwich City ត្រឹមលទ្ធផល ១-០ បន្តឈរនៅលេខរៀងទី៣ ក្នុងតារាង Premier League ដែលជាតំបន់ទទួលបានកៅអី១ ដើម្បីទៅលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។

១គ្រាប់ចុងម៉ោងរបស់កីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីចុងម៉ោងនៃវគ្គទី១ ក្រោយទទួលបានបាល់ពីមិត្តរួម ក្រុម Christian Pulisic រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ធ្វើឲ្យក្រុមរបស់លោក Franck Lampard រកបាន ៣ពិន្ទុនៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ដើម្បីបាន ៦៣ពិន្ទុ នាំក្រុមលេខ៤ Leicester City និង Manchester United ដែលឈរនៅលេខ៥ មាន ៥៩ពិន្ទុដូចគ្នា។

៤ពិន្ទុនាំមុខគិតត្រឹមសប្តាហ៍ទី៣៦ ជើងទី២ ធ្វើឲ្យ Chelsea មិនទាន់ផុតទុក្ខភ័យនៅឡើយទេ ដ្បិតត្រូវការ ៥ពិន្ទុទៀត ក្នុងចំណោម ២ប្រកួតដែលនៅសល់ គ្រាដែលគូប្រជែង Leicester និង Man Utd នៅសល់ ៣ប្រកួតក្នុងដៃ និងសុទ្ធសឹងតែត្រូវបានពិន្ទុដូចគ្នា ដើម្បីទទួលបានកៅអី Champions League រដូវកាលក្រោយ។

គួរបញ្ជាក់ផងថា ១គ្រាប់របស់ Giroud ជាការប្រើក្បាលតែតបញ្ចូលទីក្នុងលីគលើកដំបូង គិតចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលតោខៀវបានបំបាក់ Tottenham Hotspur ៣-១។ Chelsea នឹងត្រូវប៉ះ Man Utd ក្នុងពាន FA Cup នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងវគ្គ ៤ក្រុមចុងក្រោយ មុនពេលធ្វើដំណើរទៅកីឡដ្ឋាន Anfield ប៉ះ Liverpool នៅរាត្រីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ក្នុងលីគសប្តាហ៍ទី៣៧៕