(អាមេរិក)៖ ក្រុមហ៊ុន Google ត្រូវបានចោទប្រកាន់ថា បានតាមដាន និងឃ្លាំមើលរាល់សកម្មភាពរបស់អ្នកប្រើប្រាស់រាប់លាននាក់ បើទោះបី ជាអ្នក ប្រើ ប្រាស់ទាំងនោះបានកំណត់ដាក់ «ភាពជាឯកជន» ក៏ដោយ ហើយបណ្ដឹងមួយនេះមានការទាមទារសំណងខូចខាតគិតជាទឹកប្រាក់ ៥ពាន់លាន ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

តុលាការទីក្រុង San Jose រដ្ឋកាលីហ្វូញ៉ា បានលើកឡើងថា នៅក្នុងពាក្យបណ្ដឹងគឺបានបញ្ជាក់ថា ក្រុមហ៊ុន Google បានរំលោភលើច្បាប់ភាពជាឯក ជនរបស់អ្នកប្រើប្រាស់ ដែលច្បាប់នេះត្រូវបានចេញ និងគ្រប់គ្រងដោយសហព័ន្ធឯកជនរបស់អាមេរិក។ ក្នុងពាក្យបណ្ដឹងក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Google បានប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់ចេញពី កម្មវិធី Google Search និងចេញពី Mobile App បើទោះបីជាអ្នកប្រើប្រាស់បាន កំណត់ និងដាក់ទិន្នន័យទាំងនោះឱ្យនៅក្នុងភាពជាឯកជនក៏ដោយ។

តាមការអះអាងនៅក្នុងពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមហ៊ុន Google បានប្រើ Firebase ដែលជា Software សម្រាប់រក្សាទុកទិន្នន័យប្រើនៅក្នុង App និងសម្រាប់ប្រើបញ្ជូន Notifications រួមតាំងការផ្សាយពាណិជ្ជកម្ម។ អ្វីដែល Google ប្រមូលបាននោះ មិនត្រឹមតែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ផ្ទាល់ប៉ុណ្ណោះទេ សូម្បីតែមិត្តភ័ក្តិរបស់អ្នកជានរណាខ្លះ ពួកគេញ៉ាំអ្វី ចូលហាងទំនិញណា ឬមានទម្លាប់អ្វីខ្លះ ក៏ Google ប្រមូលបានដែរ។

នេះជាពាក្យបណ្ដឹងទី២ហើយ គិតចាប់តាំងពីដើមឆ្នាំ ២០២០ ដែលត្រូវបានចោទប្រកាន់លើ Google ពាក់ព័ន្ធនឹងការរំលោភលើភាពជាឯកជនរបស់អ្នកប្រើប្រាស់។

បណ្ដឹងខាងលើនេះទាមទារសំណងយ៉ាងតិច ៥ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Google ហើយមកដល់ពេលនេះ Google នៅមិនទាន់ចេញមក បក ស្រាយ ឬបំភ្លឺឡើយ៕