(បរទេស)៖ លទ្ធផលក្រោយការសិក្សាស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ព្រះច័ន្ទរបស់យើងមានអាយុ តិចជាងការគណនាកាលពីពេលមុនៗ រហូតដល់ទៅ ៨៥លានឆ្នាំឯណោះ។ ការសិក្សានេះធ្វើឡើងដោយ ក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ GAC (German Aerospace Center)។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Space នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។
ទ្រឹស្ដីដែលរៀបរាប់អំពីការបុកទង្គិចដ៏ធំសម្បើមមួយ បានពន្យល់ជាទូទៅថា ព្រះច័ន្ទបានកកើតឡើងដោយសារភពក្មេងមួយឈ្មោះ ធា (Theia) មានទំហំប៉ុនភពអង្គារ បានបុកផែនដីពេញមួយទំហឹងកាលពីជាង ៤.៥ពាន់លានឆ្នាំមុន ដែលផែនដីកាលណោះ ក៏ជាភពក្មេងដូចគ្នាដែរ។
ការគណនាកាលពីមុនៗ ដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានបញ្ជាក់ថា ព្រះច័ន្ទយើងមានអាយុកាល ៤.៥១ពាន់លានឆ្នាំ។ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី ដែលធ្វើឡើងដោយលើការគណនា លើមហាសមុទ្រម៉ាក់ម៉ា (magma ocean) ដែលធ្លាប់មានការអតីតកាលលើផ្ទៃព្រះច័ន្ទបានឱ្យដឹងថា ព្រះច័ន្ទមានអាយុកាលពិតប្រាកដ ៤.៤២៥ពាន់លានឆ្នាំ ឬតិចជាង ៨៥លានឆ្នាំ នៃការគណនាអាយុកាលព្រះច័ន្ទកាលពីពេលមុនៗ។
គួរបញ្ជាក់ថា ដើម្បីកំណត់អាយុព្រះច័ន្ទឡើងវិញ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់គំរូគណិតវិទ្យា ក្នុងការគណនាសមាសធាតុនានា ដូចជាថ្មនៃព្រះច័ន្ទទៅតាមយុគសម័យចម្បងៗ ហើយផ្អែកលើគំនិតដែលថា ព្រះច័ន្ទកកើតឡើងដោយមហាសមុទ្រម៉ាក់ម៉ា ពួកគេក៏បានគណនាផងដែរ ពីរបៀបដែលសារធាតុរ៉ែនានា កកើតឡើងនៅពេលម៉ាក់ម៉ាលើផ្ទៃព្រះច័ន្ទចុះត្រជាក់។
អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌល German Aerospace Center លោកស្រី សាប្រ៊ីណា ស្កាវីងហ្គឺ (Sabrina Schwinger) បានគូសបញ្ជាក់ដូច្នេះថា «តាមរយៈការប្រៀបធៀបការគណនា សមាសធាតុនៃសិលាព្រះច័ន្ទ ជាមួយនិងសមាសធាតុម៉ាក់ម៉ាដែលត្រូវបានព្យាករណ៍ ចេញពីគំរូគណនារបស់យើង យើងអាចតាមដានការវិវត្តនៃមហាសមុទ្រម៉ាក់ម៉ា ចាប់តាំងពីចំណុចដែលព្រះច័ន្ទចាប់ផ្តើមកកើតឡើងដំបូងៗ»៕