(ភ្នំពេញ)៖ លោកព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន ដែលធ្លាប់ជាអតីតមន្ត្រីរាជការនៅសាលាខេត្តកណ្តាល ហើយក្រោយមកផ្លាស់ទៅបម្រើការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងឋានៈជា «អគ្គាធិការរង» បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយសារធ្លាក់ខ្លួនឈឺធ្ងន់។
ក្រោយទទួលបានដំណឹងនេះភ្លាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ឈួន ថាវរិន្ទ មេបញ្ជាររងកងទ័ពជើងអាកាស នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានឆ្លៀតឱកាសដ៏មមាញឹក សម្តែងការគួរសម និងទៅសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ និងថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ជូនចំពោះលោកព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន ដែលបច្ចុប្បន្នមានជន្មាយុ ៨២ ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពហុព្យបាល ឈុន ឡាយ។
ក្នុងថ្ងៃដដែលនោះ លោក ខិញ ហង្សហួន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត បានចាត់តាំងក្រុមការងារចំនួន ០៤ រូបគឺ លោក ទិព្វ សៅ, លោក វ៉ាន់ ផល្លី, លោក គ្រី សុទ្ធី និងលោក ខៀវ វាសនា បាននាំយកនូវថវិកាចំនួន ១០០,០០០ រៀល ព្រមទាំងព្រះញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេកុដិលេខ១១ វត្តឧណ្ណាលោម បរិច្ចាគបច្ច័យចំនួន ២០០,០០០ រៀល ជូនដល់ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន។
ប្រព័ន្ធមរតកមនុស្សរស់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាដល់ប្រព័ន្ធមរតកមនុស្សរស់ជានិច្ចកាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួរជម្រាបថា លោកព្រឹទ្ធាចារ្យ ទេព ផុន ធ្លាប់ទទួលបានបណ្ណសរសើរ ០៤សន្លឹក, មេដាយពលកម្មរយៈពេល១០ឆ្នាំ ០១គ្រឿង, គ្រឿងឥស្សរិយយស ០១គ្រឿង និងមេដាយមាសការងារ ០១គ្រឿង។ ដោយមើលឃើញពីគុណវុឌ្ឍិ បទពិសោធន៍ចាស់ទុំ ក្នុងការបម្រើសង្គមជាតិ និងព្រះពុទ្ធសាសនា ថែមទាំងមានស្នាដៃផ្នែកតែងនិពន្ធស្រាវជ្រាវឯកសារ នានាជាច្រើន របស់លោកព្រឹទ្ធាចារ្យ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ស្នើសុំសម្តេចព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានផ្តល់គោរម្យងារថ្នាក់ជាតិជា «វិជ្ជាធម្មគរុ»។
ជាមួយគ្នានេះ ក្រុមគ្រួសារ ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន បានអំពាវនាវចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ធ្លាប់ជាសិស្សគណគ្រប់ព្រះអង្គ-គ្រប់រូប មេត្តាអនុគ្រោះជួយឧបត្ថម្ភផ្តល់ជាកម្លាំងចិ ត្តដល់លោកព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន ដែលកំពុងមានជំងឺបៀតបៀនយ៉ាងធ្ងន់ធ្ងរ តាមរយៈលេខទូរស័ព្ទ ០១៧/០៨១ ៣៣ ៣៣ ២៦/០៨៨ ៨៣ ៣៣ ៣២៦៕