(បរទេស)៖ ជនសង្ស័យពីរនាក់ដែលត្រូវបានចោទប្រកាន់ ពីករណីឃាតកម្ម សម្លាប់តារារ៉េប Pop Smoke អាចនឹងប្រឈមមុខជាមួយនឹងទោសប្រហារជីវិត ប្រសិនបើការកាត់ទោសត្រូវបានធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NME នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុន ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការស្លាប់របស់តារារ៉េប Pop Smoke ដែលមានឈ្មោះពិតថា Bashar Barakah Jacson ត្រូវគេប្លន់សម្លាប់នៅក្នុងផ្ទះរបស់លោក ក្នុងតំបន់ Hollywood Hills កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

យ៉ាងណាមិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ អ្នកជំនាញផ្នែកច្បាប់នៅ Los Angeles ប្រកាសនៅក្នុងសន្និសីទកាសែតថា ជនសង្ស័យ៤នាក់ ត្រូវបានចោទប្រកាន់ពីករណីឃាតកម្ម។ ក្នុងនោះ មនុស្ស២នាក់ មានឈ្មោះថា «Corey Walker» និង «Keandre Rodgers» ត្រូវបានបោទប្រកាន់ពីករណីប្លន់សម្លាប់ ហើយប្រសិនបើការកាត់ទោសត្រូវបានធ្វើឡើង អ្នកទាំងពីរ អាចប្រឈមមុខនឹងទោសប្រហារជីវិត ឬក៏ជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការលើកលែង។

ក្រៅពីនេះមានមនុស្សពីរនាក់ ម្នាក់អាយុ ១៧ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីនេះ ក៏ត្រូវបានចោទប្រកាន់ផងដែរ ដែលម្នាក់ចោទពីបទ ឃាតកម្ម និងម្នាក់ទៀតពីករណីប្លន់។ ប៉ូលីស Los Angeles បានបន្ថែមថា បច្ចុប្បន្នករណីខាងលើ នៅតែស្ថិនក្នុងដំណាក់កាលស៉ើបអង្កេតនៅឡើយ៕