(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា អាចនឹងត្រូវចំណាយប្រាក់ខ្ទង់ ១ពាន់លានដុល្លារដល់ក្រុមហ៊ុន Samsung ជាប្រាក់ពិន័យដែល Apple បញ្ជាទិញអេក្រង់ OLED សម្រាប់ស្មាតហ្វូនមិនគ្រប់តាមលក្ខខណ្ឌដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SAMMOBILE នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។
ក្រុមហ៊ុន Samsung បានក្តោបក្តាប់ចំណែកទីផ្សារផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន ធំជាងគេ ហើយក៏ជាក្រុមហ៊ុនដែលបានកំណត់លក្ខខណ្ឌខ្ពស់ជាមួយអតិថិជនផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ត្រូវបានគេដឹងថា បើសិនជាអតិថិជនណាមិនបានបញ្ជាទិញអេក្រង់ OLED ក្នុងចំនួនអប្បបរិមា (ទាបបំផុត) នោះទេ នោះអតិថិជននឹងត្រូវបង់ប្រាក់ពិន័យ។
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា តួលេខនៃការលក់មានការធ្លាក់ចុះ ជាពិសេសបានពន្យាពេលក្នុងការចេញលក់ iPhone ថ្មី ហេតុនេះហើយ ទើបធ្វើឱ្យការបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុន Samsung ទាបជាងចំនួនដែលបានកំណត់។
ប្រភពដដែលបានបន្តថា នេះមិនមែនជាលើកទី១សម្រាប់ Apple នោះទេ ដោយកាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមហ៊ុន Apple ក៏ធ្លាប់បង់ប្រាក់ពិន័យពាក់ព័ន្ធនឹងការបញ្ជាទិញទាបជាងការកំណត់នេះផងដែរ ដែលកាលពីឆ្នាំ២០១៩ Apple បង់ប្រាក់ ៦៨៤លានដុល្លារទៅឱ្យ Samsung៕