(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត លើកទី១៤ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ហើយ ដោយក្រុមជម្រើសខេត្តព្រៃវែង និងត្បូងឃ្មុំ បានយកឈ្នះលើគូប្រកួត ជាមួយលទ្ធផលដ៏តានតឹងរៀងខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ចំពោះខេត្តព្រៃវែង បានយកឈ្នះខេត្តសៀមរាប ២-០ នៅកីឡដ្ឋានខេត្តសៀមរាប។ ទោះរកបានគ្រាប់បាល់ចំណេញ ២គ្រាប់ក្រៅដី តែព្រៃវែង មិនងាយយកឈ្នះក្រុមម្ចាស់ផ្ទះឡើយ ដ្បិតសៀមរាប បាត់បង់សមាជិកម្នាក់តាំងពីនាទីទី២០ គឺកីឡាករ ម៉ម រ៉ាវុទ្ធី ដែលទទួលបានកាតលឿន ២ដង ស្មើនឹងកាតក្រហម។

វគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា ០-០ ។ ប៉ុន្ដែចូលវគ្គទី២ ក្រុមភ្ញៀវខេត្តព្រៃវែង បានព្យាយាមដាក់សម្ពាធកាន់តែខ្លាំង រហូតរកបាន ២គ្រាប់ ដោយកីឡាករ គី រីណា និង វុធ តុលា នៅនាទី៧៣ និងនាទី៧៨ ។ ឯខេត្តសៀមរាប ក៏មានឱកាសម្ដងម្កាលដែរ តែធ្វើមិនបានសម្រេច នាំឲ្យចប់ការប្រកួតចាញ់ព្រៃវែង ២-០ ។

ដោយឡែកខេត្តត្បូងឃ្មុំវិញ បានយកឈ្នះក្រុមភ្ញៀវខេត្តកែប ២-១ ។ ជំនួបដ៏តានតឹងនេះ ក្រុមការពារតំណែងជើងឯកត្បូងឃ្មុំ បាននាំមុខ ២គ្រាប់ ដែលរកបានដោយកីឡាករ វ៉ាហេត ហាំហ្វា និង យូ សុះហ្វា មុនកីឡាករ សុខ ភារម្យ វាយបកបាន ១គ្រាប់ឲ្យខេត្តកែប នៅចុងវគ្គទី១ ។ ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមសម្រុកកាន់តែខ្លាំង តែគ្មានក្រុមណាអាចបំប៉ោងសំណាញ់ទីបន្ថែមឡើយ ។

ជាមួយលទ្ធផលជើងទី១ នេះ ទោះខេត្តព្រៃវែង និងត្បូងឃ្មុំ មានប្រៀបជាមួយជ័យជម្នះខាងលើ ប៉ុន្ដែឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត មិនទាន់អស់សម្រាប់ក្រុមចាញ់ខេត្តសៀមរាប និងខេត្តកែបនោះទេ ដ្បិតការប្រកួតនៅសល់ ១ជើងទៀត គឺខេត្តព្រៃវែង ត្រូវបើកទ្វារផ្ទះទទួលខេត្តសៀមរាប និងខេត្តកែប បើកទ្វារផ្ទះទទួលខេត្តត្បូងឃ្មុំវិញម្ដង នាថ្ងៃទី២២ ខែកក្កដាខាងមុខ ដើម្បីកាត់សេចក្ដី៕