(កូរ៉េ)៖ TikTok ជាកម្មវិធីលេងកម្សាន្តមួយ នៅលើទូរស័ព្ទដៃរបស់ចិន ដែលកំពុងមានប្រជាប្រិយភាព និងបានពង្រីកទីផ្សារមកកាន់សកលលោក ដោយទទួលបានការពេញនិយមយ៉ាងឆាប់បំផុត។ កម្មវិធីនេះ កំពុងប្រឈមនឹងការត្រួតពិនិត្យជាច្រើន ដោយសារតែបញ្ហាសន្តិសុខ ហើយឥឡូវនេះ គណនីជាច្រើនដែលជាកម្មសិទ្ធរបស់តារាកូរ៉េ ត្រូវបានលុបចោល។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន ByteDance ដែលជាអាណាព្យាបាល Tik Tok បានប្រាប់សារព័ត៌មាន JTBS News ថា ពួកគេមិនអាចពន្យល់ពីមូលហេតុ ដែលគណនីទាំងនោះត្រូវបានលុបចោលឡើយ។

តារាកូរ៉េជាច្រើន ដូចជាលោក Gary មកពី Leessang បានងាកមកប្រើប្រាស់កម្មវិធី Tik Tok ដើម្បីងាយស្រួលប្រាស្រ័យទាក់ទង ជាមួយអ្នកគាំទ្រអន្តរជាតិ ជាក់ស្តែងដូចជាអ្នកគាំទ្រនៅប្រទេសចិនជាដើម។ Gary បានបង្កើតគណនី Tik Tok បន្ទាប់ពីទទួលបានការគាំទ្រច្រើន ពីទស្សនិកជននៅប្រទេសចិន ជាមួយអ្នកចំនួនអ្នក Follow ជិត១.៥លាននាក់។ យ៉ាងណាមិញគណនី Tik Tok របស់លោកនៅពេលនេះ បានបាត់ភ្លាមៗនាពេលថ្មីៗនេះ ខណៈរាល់វីដេអូ និងរូបថតដែលលោកបានបញ្ចូនក្នុងកម្មវិធីមួយនេះ មិនត្រូវបានរកឃើញឡើយ។

មិនត្រឹមតែគណនី Tik Tok របស់ Gary បានបាត់បង់ឡើយ ក្នុងនោះគណនី Tik Tok របស់តារាស្រី HyunA ដែលមានអ្នកគាំទ្រជិត២.៨លាននាក់ ក៏មិនត្រូវបានរកឃើញដូចគ្នា រួមនឹងគណនីរបស់ Heechul សមាជិក Super Junior ក៏ដូច្នោះដែរ។ មូលហេតុនេះ ត្រូវបានដឹងឮជាសាធារណៈ នៅពេលដែលមានអ្នកលេងបណ្តាញសង្គមជនជាតិចិនម្នាក់ បានបង្ហោះសារកាលពីថ្ងៃទី១២ ខែកក្កដា ថ្មីៗនេះថា រូបគេមិនអាចស្វែងរកគណនី របស់តារាកូរ៉េបានទេ។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ មានគណនី Tik Tok របស់តារាកូរ៉េចំនួន១៣នាក់ ដែលត្រូវបានបាត់ ឬក៏ត្រូវគេសន្មត់ថា បានលុបចោល ក្នុងនោះ រួមមានគណនីរបស់ Rain, MAMAMOO និង Hyoyeon ជាដើម។ អ្នកតំណាងរបស់ Tik Tok បានឲ្យដឹងថា «មូលហេតុនេះអាចបណ្តាល មកពីក្រុមហ៊ុនកំសាន្តល្បីទាំងនោះ មិនអាចប្រាប់ពីព័ត៌មានអ្វីបន្ថែម ពីអ្វីដែលត្រូវកើតឡើង ឬក៏មូលហេតុអ្វី ដែលវាកើតឡើងនោះទេ»