(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Harry Kane រកបាន ២គ្រាប់ក្នុងជំនួបដែល Tottenham Hotspur បានយកឈ្នះ ម្ចាស់ផ្ទះ Newcastle United ៣-១ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ២០១គ្រាប់ឲ្យក្លិបក្នុងអាជីពបាល់ទាត់របស់គេ។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃនេះ។

២គ្រាប់របស់កីឡាករអង់គ្លេស វ័យ ២៦ឆ្នាំខាងលើនេះរកបានក្នុងវគ្គទី២ ពោលគឺនៅនាទី៦៦ និងនាទី៩០ នៅក្រោយពេលមិត្តរួមក្រុម Heung Son-min រកបានគ្រាប់បើកឆាកនៅនាទី២៧ និងគ្រាប់តាមស្មើពីសំណាក់ក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle នៅនាទី៥៦ ដោយកីឡាករ Matt Ritchie ក្នុងសប្តាហ៍ទី៣៦ ជើងទី២ នេះនៅរាត្រីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

តែយ៉ាងណា ក្នុងចំណោមជាង ២០០គ្រាប់របស់ Harry Kane ពីការលេងឲ្យ ៤ក្លិបនាពេលកន្លងមក ដោយមាន ១៨៥គ្រាប់ក្នុងក្លិបមាន់ខ្នាយមាស Spurs និង ១៦គ្រាប់ផ្សេងទៀតក្នុង ៣ក្លិបរួមមាន Millwall, Leyton Orient និងក្លិប Leicester City។

៣ពិន្ទុក្រៅដីនៅកីឡដ្ឋាន St James’Park នេះដែរ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅ Jose Mourinho ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៧ ដោយមាន ៥៥ពិន្ទុជាបណ្តោះអាសន្នវិញ និងរំពឹងទទួលបានកៅអី សម្រាប់លេងវគ្គជម្រុះពានរង្វាន់ UEFA Europa League ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះដែរ ដ្បិតនៅសល់ ២ប្រកួតទៀត នៅពេលនៅចាញ់ក្រុមលេខ៦ Wolverhamton Wanderers តែ ១ពិន្ទុប៉ុណ្ណោះ គិតត្រឹម ៣៦សប្តាហ៍ដូចគ្នា៕