(ឡុងដ៍)៖ ទីផ្សារដោះដូរកីឡាករនៃក្របខណ្ឌបាល់ទាត់អង់គ្លេស Premier League នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយលីគ Premier League នៅថ្ងៃទី១៥ ខែកក្កដា ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia នៅថ្ងៃនេះ។

កាលបរិច្ឆេទនៃទីផ្សារដោះដូរកីឡាកររបស់ក្របខណ្ឌបាល់ទាត់អង់គ្លេស បានកំណត់ត្រឹមថ្ងៃទី៥ ខែតុលាប៉ុណ្ណោះ ក៏ប៉ុន្តែនៅបន្តបើកឲ្យមានសម្រាប់លីគ English Football League (EFL) រហូតដល់ថ្ងៃទី១៦ ខែតុលា តែមួយគត់នៃការដោះដូរកីឡាករ ខណៈបញ្ហានេះត្រូវបានទទួលយល់ព្រមពីក្រុមភាគហ៊ុន នៅកាលបរិច្ឆេទខាងលើ និងការឯកភាពពីសហព័ន្ធបាល់ទាត់ FIFA ផងដែរ។

ក្នុងនោះដែរ ក្រុមតោខៀវ Chelsea បាននាំចូលកីឡាករថ្មីជាផ្លូវការចំនួន ២នាក់រួចមកហើយរួមមាន Timo Werner ពីក្រុមអាល្លឺម៉ង់ RB Leipzig កាលពីខែមុន និងខ្សែបម្រើម៉ារ៉ុក Hakim Ziyech ពីក្រុមហូឡង់ Ajax។

គួរបញ្ជាក់ផងថា សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ ពានរង្វាន់លីគ Premier League បានធ្លាក់ទៅលើក្រុមហង្សក្រហម Liverpool ហើយការប្រកួតរដូវកាលនេះ នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា ដោយមាន ២០ក្រុមចូលរួម នឹងត្រូវលេង ៣៨ប្រកួតសម្រាប់ ១ក្រុមទៀតផង៕