(ភ្នំពេញ)៖ កីឡាករ វ៉ាំង ដាវីន បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីត្រូវបានកោះហៅ និងចូលរួមធ្វើតេស្ដលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ដើម្បីត្រៀមការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship Uzbekistan 2020 នៅប្រទេសអ៊ូបេគីស្ថាននាខែតុលាខាងមុខ។

សមាជិកក្រុម U18 បឹងកេតរូបនេះបាននិយាយថា មានអារម្មណ៍ខុសប្លែកខ្លាំង ដ្បិតខ្លួនធ្លាប់លេងធម្មតាៗតាមភូមិ ដែលធ្វើឲ្យការចាប់ផ្ដើមថ្ងៃដំបូង មានអារម្មណ៍ភ័យបន្ដិច។ ប៉ុន្ដែយ៉ាងណា ដាវីន នៅតែសប្បាយចិត្ត ចំពោះការទទួលបានបទពិសោធន៍ល្អៗជាច្រើនពីរាមច្បង ហើយប្ដេជ្ញានឹងខំប្រឹង ដើម្បីប្រជែងកៅអី ២៣នាក់ចុងក្រោយ។

យុវជនមានប្រភពពីខេត្តកំពង់ឆ្នាំងបន្ដថា «ខ្ញុំពិតជាភ្ញាក់ផ្អើលបង ព្រោះទើបតែលើកដំបូង ហើយប្លែក។ ធ្លាប់តែនៅផ្ទះ នៅតាមភូមិលេងធម្មតាៗ ដល់ពេលឥឡូវមកលេងជាមួយគេ បងៗដែលប្រឡូកមុនអ៊ីចឹង គឺប្លែកច្រើន។ ខ្ញុំមកដំបូងអ៊ីចឹងរាងភ័យតិចៗ ប៉ុន្តែអាចទៅមុខបាន ទៅជាមួយគេទៀតបាន។ សម្រាប់ការហ្វឹកហាត់ថ្ងៃដំបូងនេះ ខ្ញុំទទួលបានបទពិសោធន៍ល្អៗច្រើនពីបងៗ។ ដោយសារការចាប់ផ្ដើមរៀងភ័យបន្ដិច ខ្ញុំក៏បារម្ភពីការធ្វើតេស្ដដែរ។ និយាយទៅដំបូង ប្រហែល ១០នាទីរៀងភ័យៗ ពិបាកលេង ពិបាកគ្រប់គ្រងខ្លួនឯង តែចុងក្រោយមកក៏សម្រួលអារម្មណ៍បានវិញ...។ ខ្ញុំគិតថាស្ដាយ ព្រោះមានឱកាសហើយយើងឆក់យកអត់បាន ព្រោះយើងទើបមកដំបូងមែន តែមានឱកាសជាប់មកតេស្តអ៊ីចឹង ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព»។ ដាវីន បន្ថែម។

ទន្ទឹមជាមួយការទទួលបានឱកាសមាស ឱកាសប្រាក់លើវិថីបាល់ទាត់នេះ ដាវីន បានប្ដេជ្ញានឹងខំប្រឹងប្រែង ដើម្បីអភិវឌ្ឍខ្លួនឲ្យរីកចម្រើន ទាំងនៅក្លិប និងជម្រើសជាតិ។ ដាវីន និយាយថា «សម្រាប់ខ្ញុំមកនេះ ខ្ញុំចង់អភិវឌ្ឍខ្លួនឯងឲ្យល្អជាងនេះ ចង់លេងឈុតធំក្នុងក្លិប និងយកកៅអី ២៣នាក់ក្នុងជម្រើសជាតិ U19 ទៀតផង»។

គួរបញ្ជាក់ថា កីឡាករវ័យ ១៨ឆ្នាំ វ៉ាំង ដាវីន ត្រូវបានក្លិបបឹងកេត កោះហៅចូលរួមជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ខ្លួន តែក្រោយហ្វឹកហាត់បានកន្លះខែ រូបគេក៏ត្រូវបានលោក Koji Gyotoku កោះហៅចូលរួមធ្វើតេស្ដជាមួយយុវជន ៣៨នាក់ទៀត ដើម្បីត្រៀមប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020 ដែលគ្រោងប្រកួតពីថ្ងៃទី១៤-៣១ ខែតុលា នៅប្រទេសអ៊ូបេគីស្ថាន៕