(បរទេស)៖ អាចនិយាយបានថា វាជាឱកាសមាសសម្រាប់កម្មវិធីទូរស័ព្ទ Roposo ដែលមានការពេញនិយមខ្លាំងនៅឥណ្ឌា ក្រោយពេលរដ្ឋាភិបាលនៃប្រទេសមួយនេះបានសម្រេចបិទកម្មវិធីទូរស័ព្ទដៃចិនចំនួន ៥៩ ក្នុងនោះមាន TikTok មួយផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។
កាលពីចុងខែមិថុនា រដ្ឋាភិបាលឥណ្ឌាបិទកម្មវិធីចិនចំនួន ៥៩ រួមមានទាំង TikTok ជាផ្លូវការ ក្រោយកើតមានការប៉ះទង្វិចគ្នារវាងទាហានយាមព្រំដែននៃប្រទេសទាំងពីរ ដោយការបិទនេះទៀតសោតបានធ្វើឱ្យ កម្មវិធីទូរស័ព្ទដៃ Roposo ដែលជាគូប្រជែងរបស់ TikTok មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនសន្ធឹក។
តំណាងកម្មវិធី Roposo បានឲ្យដឹងថា កាលពីពីរសប្ដាហ៍មុនចំនួនអ្នកប្រើប្រាស់ថ្មីក្នុងពេលមួយម៉ោង បានកើនឡើងដល់ចំណុចខ្ពស់មួយគឺ ៥០ម៉ឺននាក់ ហើយក្រុមហ៊ុនរំពឹងថានឹងមានអ្នកប្រើប្រាស់សរុប ១០០លាននាក់ នៅត្រឹមដំណាច់ខែកក្កដានេះ។
នៅមុនពេលរដ្ឋាភិបាលឥណ្ឌាបិទ TikTok កម្មវិធី Roposo មានអ្នកប្រើប្រាស់ប្រមាណ ៥៥លាននាក់ប៉ុណ្ណោះ ដែលមានន័យថាកម្មវិធីនេះទទួលបានផលចំណេញច្រើន ពេល TikTok ជួបបញ្ហា។
ក្រៅពី Roposo កម្មវិធីជាច្រើនទៀតដែលជាគូប្រជែងរបស់ TikTok នៅឥណ្ឌាដែរនោះ មានដូចជា Chingari, Mitron និង Bolo Indya ក៏សង្កេតឃើញមានកំណើនអ្នកប្រើប្រាស់ ក្រោយរដ្ឋាភិបាលបិទផងដែរ។ ជាក់ស្ដែងកម្មវិធី Chingari មុនការបិទ មានអ្នកប្រើប្រាស់សរុប ៣,៥លាននាក់ ប៉ុន្តែបច្ចុប្បន្ននេះអ្នកប្រើកើនដល់ ១៧,៥លាននាក់៕