(ភ្នំពេញ)៖ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ បានបញ្ជាក់ថា នឹងមិនទទួលសំណើទៅបង្ហាត់ក្រៅប្រទេសឡើយ ដោយលោកស្រីផ្ដោតលើការបង្ហាត់ និងចែករំលែកចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយ ដែលត្រូវការការបណ្ដុះបណ្ដាលច្រើននៅក្នុងប្រទេសកម្ពុជា។
នេះគឺជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់លើវិញ្ញាសាវាយ ដែលធ្វើឡើងក្រោមវត្តមានលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃសុក្រ ទី១៧ ខែកក្កដានេះ។
លោកស្រីបានអះអាងថា «ក្រោយបញ្ចប់អាជីពកីឡាការិនី ខ្ញុំនឹងខំប្រឹងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយ។ ហើយសំណួរសួរថា តើខ្ញុំមានលទ្ធភាពទៅបង្ហាត់ក្រៅប្រទេសទេ បើមានសំណើ ខ្ញុំសូមឆ្លើយថា ខ្ញុំមិនអាចទទួលបានទេ ព្រោះនៅកម្ពុជាមានកីឡាករ-កីឡាការិនីច្រើនណាស់ ត្រូវការការបណ្ដុះបណ្ដាល។ ខ្ញុំនឹងយកបទពិសោធន៍ក្នុងនាមម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ ខំប្រឹងបណ្ដុះបណ្ដាលប្អូនៗក្នុងស្រុក ដើម្បីឲ្យពួកគេមានសមត្ថភាពចេញទៅប្រកួតលើឆាកអន្ដរជាតិ»។
ដោយឡែកពាក់ព័ន្ធនឹងការចូលនិវត្តន៍នេះដែរ លោកស្រីបានបញ្ជាក់ជាថ្មីថា ពាក់ព័ន្ធផ្នែកសុខភាពច្រើន ពិសេសបញ្ហាភ្នែក។ ម្យ៉ាងលោកស្រីក៏ចង់ផ្ដល់ឱកាសឲ្យកីឡាការិនីជំនាន់ក្រោយ មានឱកាសពង្រឹងសមត្ថភាពលើវិញ្ញាសាវាយយកពិន្ទុ ហើយលោកស្រីក៏នឹងមិនទាន់ទៅណាឆ្ងាយពីវិស័យនេះដែរ ដោយលោកស្រីនឹងចូលរួមអភិវឌ្ឍជាមួយសហព័ន្ធ និងគ្រូៗបន្ដទៀត ដើម្បីសម្រាំងរកធនធានបន្ដវេន ក្នុងការដណ្ដើមមេដាយជូនជាតិ។
ស្រ្ដីឆ្នើមវ័យ ៥៧ឆ្នាំរូបនេះបន្ដថា «ខ្ញុំបញ្ចប់ពីកីឡាការិនីមែន តែខ្ញុំមានទឹកចិត្តចូលរួមបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយ ព្រោះខ្ញុំបញ្ចប់អាជីពនេះ ព្រោះវ័យកាន់តែច្រើន ហើយសុខភាពភ្នែកក៏មិនសូវល្អ ដ្បិតភ្នែកជាផ្នែកដ៏សំខាន់ក្នុងបច្ចេកទេសកីឡាប៉េតង់។ ប៉ុន្ដែបើឲ្យខ្ញុំដើរចេញឆ្ងាយពីប៉េតង់ គឺអត់ទេ ខ្ញុំនឹងបន្ដចូលរួមអភិវឌ្ឍន៍កីឡាប៉េតង់ ជាមួយលោកគ្រូ ដើម្បីសម្រាំងរកកីឡាការិនីបន្ដវេន អាចដណ្ដើមជោគជ័យជូនកម្ពុជាដូចខ្ញុំ»។
ក្នុងកម្មវិធីពិសេសខាងលើនេះដែរ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់លោកស្រី កែ ឡេង កន្លងមក លោក ស សុខា ប្រធានសហព័ន្ធ ក៏បានប្រកាសផ្ដល់តួនាទីមួយចំនួនដល់លោកស្រីផងដែរ ទី១៖តែងតាំងលោកស្រីជាទីប្រឹក្សារបស់សហព័ន្ធ។ ទី២៖សហព័ន្ធ នឹងតែងតាំងលោកស្រីជាគ្រូបង្វឹកកម្រិតណាមួយ ដើម្បីចូលរួមអភិវឌ្ឍកីឡាប៉េតង់។ ទី៣៖តាមរយៈការលើកទឹកចិត្តពិសេសពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកស្រីក៏ត្រូវបានតែងតាំង និងតួនាទីជាបន្ដបន្ទាប់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ។
លើសពីនេះទៀត អតីតថ្នាក់ដឹកនាំ និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ក៏តែងលើកសរសើរ និងពោលពាក្យដ៏មានសារៈសំខាន់ជាច្រើន សម្រាប់លោកស្រី កែ ឡេង ផង និងប្រទេសកម្ពុជាផងដែរ។ ជារួមបទពិសោធន៍ និជោគជ័យទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលវីរកីឡាការិនី កែ ឡេង ខំប្រឹងដើម្បីប្រទេសកម្ពុជា ហើយទោះមានលុយរាប់រយលាន ក៏មិនអាចទិញបាន។ លោក ស សុខា បន្ថែម៕