(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសក្បែរខាងគ្នា វ៉េល ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ពោលគឺនៅក្រោយចាប់ផ្តើមការប្រកួតពានរង្វាន់ Nations League រយៈពេល ១ខែ។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា ការប្រកួតខាងលើនេះ នឹងធ្វើឡើងដោយបិទទ្វារក្នុងកីឡដ្ឋានជាតិ Wembley ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ Covid-19 ស្របតាមវិធានរបស់រាជរដ្ឋាភិបាលនៃប្រទេសនៅអឺរ៉ុបមួយនេះផងដែរ។
រវាងអង់គ្លេស និងវ៉េល បានខកខានជួបគ្នាមានរយៈពេល ៤ឆ្នាំមកហើយ ក្រោយពេលប៉ះគ្នាចុងក្រោយកាលពីអំឡុងព្រឹត្តិការណ៍ពានជើងឯកអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង នៅពេលអង់គ្លេសបានយកឈ្នះក្រុមរបស់កីឡាករ Gareth Bale ក្នុងលទ្ធផល ២-១ ពីការធ្វើបានគ្រាប់ជ័យជម្នះដោយកីឡាករ Daniel Sturridge ក្នុងម៉ោង injury-time។
នៅមុនការប្រកួតនោះដែរ ក៏ប្រារព្ធពិធីសមាធិ ១នាទី ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះអតីតកីឡាករដែលបានជួយ អង់គ្លេសឈ្នះជើងឯក World Cup 1966 ដែលបានទទួលមរណភាពរួមមានលោក Jack Charlton, Martin Peters, Norman Hunter និងលោក Peter Bonetti ជាដើម។
ជំនួបមិត្តភាពអន្តរជាតិនោះដែរ ត្រូវបានធ្វើឡើង ក្រោយ១ខែ ពេលអង់គ្លេសលេងពានលីគអឺរ៉ុប Nations League 2020-2021 ទល់នឹងអ៊ីស្លង់ និងជម្រើសជាតិដាណឺម៉ាក នៅពេលជម្រើសជាតិវ៉េល ប្រកួតទល់នឹងហ្វាំងឡង់ និងបុលហ្គារី នៅដើមខែសីហា ឆ្នាំ២០២០ ដូចគ្នា៕