(អាមេរិក)៖ ទីប្រឹក្សាសេតវិមានមួយរូបបានលើកឡើងថា TikTok គួរតែផ្ដាច់ខ្លួនចេញពីម្ចាស់ជនជាតិចិន ហើយងាកមកធ្វើប្រតិបត្តិការដាច់ដោយឡែកនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាក្រុមហ៊ុនអាមេរិក ដើម្បីលុបបំបាត់នូវការព្រួយបារម្ភពាក់ព័ន្ធនឹងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មវិធី TikTok គួរតែផ្ដាស់ប្ដូរម្ចាស់ ByteDance Technology Co និងចាកចេញពីទីក្រុងប៉េកាំង មកឈរជើងដោយឯករាជ្យនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាក្រុមហ៊ុនឯកជនអាមេរិក ព្រោះនេះគឺជាជម្រើសដ៏ល្អបំផុត ដែលអាចចាកឆ្ងាយពីការហាមឃាត់ការប្រើប្រាស់នៅសហរដ្ឋអាមេរិក ខណៈដែលនៅពេលនេះលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កំពុងពិចារណាថាគួរបិទ ឬមិនបិទកម្មវិធី TikTok។
លោក Kudlow បាននិយាយថា «យើងមិនអាចធ្វើការសម្រេចចិត្តជំនួស TikTok បានទេ ខណៈដែលការសម្រេចចិត្តចុងក្រោយរបស់អាមេរិក ក្នុងការបិទ TikTok ខិតជិតមកដល់។ ប៉ុន្តែអ្វីដែលជាយោបល់របស់យើងគឺ TikTok គួរតែដកខ្លួនពីការកាន់កាប់ដោយក្រុមហ៊ុនចិន និងប្ដូរមកស្ថិតក្រោមការគ្រប់គ្រង់ និងប្រតិបត្តិការជាក្រុមហ៊ុនអាមេរិកឯករាជ្យមួយ»។
យោបល់នេះហាក់ដូចជាបានបង្ហាញថា សហរដ្ឋអាមេរិកចង់រឹបអូស ឬចង់បានកម្មវិធី TikTok មកធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកណាមួយ ប៉ុន្តែលោក Kudlow បានបញ្ជាក់ថា អ្វីដែលគាត់និយាយគឺគ្រាន់តែជាការផ្ដល់យោបល់ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បានបញ្ជាក់ថា យើងមិនអាចធ្វើការបកស្រាយណាមួយបានទេនៅពេលនេះ ប៉ុន្តែយើងកំពុងគិតអំពីទីផ្សារ និងការរក្សានូវសុវត្ថិភាព និងភាពជាឯកជនរបស់អ្នកប្រើប្រាស់៕