(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេត នឹងមានឱកាសឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងពិន្ទុវិញ ប្រសិនបើអាចយកឈ្នះគូប្រជែងកងយោធពលខេមរភូមិន្ទ ក្នុងលីគសប្តាហ៍ទី៨ ស្អែកនេះបានមែន។

បឹងកេត នឹងធ្វើជាម្ចាស់ផ្ទះក្នុងទឹកដីរបស់ខ្លូននៃកីឡដ្ឋានខេបូឌាអ៊ៃវ៉េ សម្រាប់ជើងទី១ ក្នុងលីគឆ្នាំ២០២០ នេះ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា នាម៉ោង ១៥៖៣០នាទីរសៀលតទៅ។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមនោះ នឹងបានឡើងទៅឈរនៅលេខ២ ក្នុងតារាងវិញ បើអាចយកបាន ៣ពិន្ទុពីក្រុមភ្ញៀវ ដើម្បីបាន ១៧ពិន្ទុរុញភ្នំពេញក្រោនធ្លាក់មកលេខ៣ វិញដែលមាន១៥ពិន្ទុ តែចាញ់ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន ១៩ពិន្ទុ។

គួររំលឹកផងថា កាលពីសប្តាហ៍ទី៧ កន្លងទៅបឹងកេតបានយកឈ្នះគូប្រជែងគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៤-១ នៅទឹកដីនៃកីឡដ្ឋានគិរីវង់សុខសែនជ័យផ្ទាល់តែម្តង គ្រាដែលកងយោធពលខេមរភូមិន្ទវិញ ក៏បានយកឈ្នះក្រុមនគរបាលជាតិ ក្នុងលទ្ធផល ៣-១ នៅទឹកដីរបស់ខ្លួនដែរ។

កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ ៧ប្រកួត ឈ្នះ ៣ដង ស្មើ២ និងចាញ់ ២ដងដូចគ្នា បានកំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី៧ និងមាន ១១ពិន្ទុបណ្តោះអាសន្ន៕