(បរទេស)៖ គ្រប់គ្នាពិតជាស្គាល់ និងដឹងច្បាស់ថា លោក Jack MA គឺជាសហស្ថាបនិក និងជាអ្នកកាន់ចង្កូតនាវា Alibaba ឱ្យឆ្ពោះទៅមុខ និងជោគជ័យ ចាប់តាំងពីកកើតក្រុមហ៊ុនមក ប៉ុន្តែអ្នកគ្រប់គ្នាប្រហែលមិនដឹងទេថា ម្ចាស់ភាគហ៊ុនធំរបស់ Alibaba មិនមែន Jack MA ឡើយ។

នៅថ្ងៃនេះ Fresh News Plus នឹងបង្ហាញមុខម្ចាស់ភាគហ៊ុនធំៗទាំង៥ របស់ ក្រុមហ៊ុន Alibaba ឱ្យមនុស្សគ្រប់គ្នាបានស្គាល់។

១៖ Softbank Group
ក្រុមហ៊ុន Softbank Group ក្ដោបក្ដាប់ភាគហ៊ុនក្រុមហ៊ុន Alibaba ចំនួន ២៩.៤ភាគរយ ដែលជាម្ចាស់ភាគហ៊ុនធំជាងគេនាពេលបច្ចុប្បន្ន។ Softbank Group បានវិនិយោគជាទឹកប្រាក់ចំនួន ២០លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន Alibaba កាលពីឆ្នាំ២០០០ ពោលគឺចាប់តាំងពីក្រុមហ៊ុនចិនមួយនេះស្វែងរកវិនិយោគទុនដំបូង។

២៖ លោក Joseph Tsai
លោក Joseph Tsai គឺជាសហស្ថាបនិក និងជាអគ្គនាយករងក្រុមហ៊ុន Alibaba។ បច្ចុប្បន្នគាត់កាន់កាប់ភាគហ៊ុន Alibaba ចំនួន ១១.៩ភាគរយ ស្ថិតនៅលេខរៀងទី២ ជាអ្នកមានភាគហ៊ុនច្រើនជាងគេនៅ Alibaba។ គាត់គឺជាអ្នកវិនិយោគចិន-តៃវ៉ាន់ និងបានជួប Jack MA នៅទីក្រុងហុងកុង។

៣៖ ក្រុមហ៊ុនវិនិយោគ Altaba
ក្រុមហ៊ុន Altaba ពីមុនត្រូវបានគេស្គាល់តាមរយៈក្រុមហ៊ុន Yahoo! Japan និងបានកាន់កាប់ភាគហ៊ុនក្រុមហ៊ុន Alibaba ចំនួនប្រមាណជា ១១ភាគរយ។

៤៖ ក្រុមហ៊ុន Blackrock Inc.
Blackrock Inc. ជាក្រុមហ៊ុនវិនិយោគធំមួយមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក ដែលបានវិនិយោគ និងជួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន Alibaba រហូតដល់បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន ៣ភាគរយ។

៥៖ ក្រុមហ៊ុន T. Rowe Price Associates
T. Rowe Price Associates ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងវិនិយោគ ដោយបច្ចុប្បន្នកាន់កាប់ភាគហ៊ុន Alibaba ចំនួន ២.៨ភាគរយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗមានព័ត៌មានថា លោក Jack MA បានលក់ភាគហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Alibaba ពី ៦.២ភាគរយ មកនៅត្រឹម ៤.៨ភាគរយ ដោយទទួលបានទឹកប្រាក់ ៨.២ពាន់លានដុល្លារអាមេរិក៕