(ក្រុងឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាសថា អ្នកគាំទ្របាល់ទាត់អាចវិលត្រឡប់ទៅកីឡដ្ឋានវិញចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ All Football នៅព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។

បាល់ទាត់អង់គ្លេសត្រូវបានផ្អាកជាបណ្តោះអាសន្ននៅខែមីនា ដោយសារជំងឺឆ្លង Covid-19 និងបានវិលត្រឡប់មកវិញរហូតដល់១០០ថ្ងៃក្រោយ នៅក្នុងខែមិថុនា។

ជាមួយគ្នានោះអ្នកគាំទ្រត្រូវបានហាមឃាត់មិនឲ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ចាប់តាំងពីការត្រឡប់មកវិញ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសរំពឹងថា រឿងនេះនឹងផ្លាស់ប្តូរក្នុងរយៈពេល ៣ខែខាងមុខនេះ ពោលគឺនៅខែតុលាតែម្តង។

នៅព្រឹកថ្ងៃសុក្រនេះលោក Johnson បានធ្វើសន្និសីទកាសែត ដើម្បីប្រកាសពីការបន្ធូរបន្ថយបន្ថែមទៀតនូវវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយលោកបានថ្លែងថា ចាប់ពីខែតុលា យើងមានបំណងនាំទស្សនិកជនមកទស្សនាក្នុងកីឡដ្ឋានវិញ៕