(ភ្នំពេញ)៖ មាស សុខសោភា ជាតារាចំរៀងមួយដួងទៀត ដែលអ្នកគាំទ្រតែងតែចូលចិត្ត ដោយនាងមានសំលេងធ្ងន់ដ៏ក្រអួនក្រអៅត្រូវនឹងបទមនោសញ្ចេតនា។ ហើយក៏ជាតារាមួយដួងដែលនិយមឈឺឆ្អាលនឹងរឿងសង្គមផងនោះ។ ពិតជាមហាជនអ្នកគាំទ្រចង់ដឹង ពីអ្វីដែលនាងមាន និងដំណើរជីវិតប្រចាំថ្ងៃ? ខាងក្រោមនេះជាព័ត៌មានខ្លះៗស្តីពី ដំណើរជីវិតដែល Fresh News Plus ស្វែងរក មកជូនដល់អ្នកគាំទ្រ Fresh News Plus និងអ្នកគាំទ្រ មាស សុខសោភា ផងដែរ។
* អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា
មាស សុខសោភា (Meas Soksophea ឈ្មោះហៅក្រៅ ស្រីអូន) កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៤ នៅខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះ មាស សារឹម(ស្លាប់) ជាអតីត ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ។ ម្ដាយឈ្មោះ សុខ វិលន់ ជាអតីតបុគ្គលិកនៅក្នុងមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ។ មានបងប្អូន៣នាក់ ហើយនាងជាកូនទី២ នៅក្នុង គ្រួសារ។ មានបងប្រុសឈ្មោះ មាស សុខ រតនៈ ជាអ្នកនិពន្ធបទចម្រៀង និងប្អូនប្រុស មាស សុខវណ្ណៈ ជាទាហាន។ កញ្ញា មាស សុខសោភា បានផ្លាស់ប្ដូរទីលំនៅមករស់ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងអំឡុងឆ្នាំ១៩៩០ ដោយសារពេលនោះមានទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ ហើយលំនៅដ្ឋានរបស់គ្រួសារ មាស សុខសោភា ត្រូវបានលិចលង់នាពេលនោះផងដែរ។ ឆ្នាំ២០០១ កញ្ញា មាស សុខសោភា ជាមួយបងប្រុស មាស សុខរតនៈ បានប្ដូរលំនៅពីកៀនស្វាយ មករស់ នៅរាជធានីភ្នំពេញ។
រំលឹកពីការសិក្សាបន្តិច មាស សុខសោភា ទើបមានអាយុ៦ឆ្នាំ បានចូលរៀននៅសាលាបឋមសិក្សាស្ដៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយនាងបានបន្តការសិក្សារហូតដល់មធ្យមសិក្សានៅវិទ្យាល័យ ព្រះបាទជ័យវរ្ម័នទី៧។ នៅឆ្នាំ២០០០ឪពុក កញ្ញា មាស សុខសោភា បានស្លាប់ដោយជំងឺ ហើយបន្ទុកគ្រួសារបានធ្លាក់មកលើរូបនាង និងបងប្រុស និងម្តាយមេម៉ាយពេលនោះ មាស សុខសោភា បានសំរេចចិត្តឈប់រៀនត្រឹមថ្នាក់ទី១០។ មាស សុខសោភា បានចូលច្រៀងតាមវង់តន្រ្តីនៅ តាមស្រុក ស្រែចំការដោយទទួលបានកម្រៃតិចតួចដើម្បីយកមកផ្គត់ផ្គង់ជីវភាពរស់នៅ។
* អំពីស្នាដៃក្នុងវិស័យសិល្បៈ
ចេញពីចំណុចខាងលើនេះហើយដែល កញ្ញា មាស សុខសោភា បានបោះជំហានដើលើវិថីសិល្បៈ។ ឆ្នាំ២០០១ ចេញមករស់នៅភ្នំពេញ ច្រៀងតាមភោជនីយដ្ឋាន រកប្រាក់បានតិចតួចណាស់ក្នុង១ថ្ងៃៗ។ ដោយរក្សាក្ដីសង្ឃឹមចង់ក្លាយជាអ្នកចម្រៀងអាជីព នាងនៅតែពុះពារគ្រប់កាលៈទេសៈដើម្បីបានច្រៀងនៅក្នុងក្លឹបកំសាន្តនាពេលរាត្រីតែមិនមែនជាក្លឹបល្បីទៀត។ ដោយមានក្ដីស្រលាញ់អាណិត និងឃើញការតស៊ូរបស់នាងម្ចាស់ក្លឹបបានអនុញ្ញាតឲ្យច្រៀង តែទទួលបានកម្រៃ១០ដុល្លារ ក្នុងមួយយប់ ហើយនាងបានព្យាយាមដើម្បីច្រៀងនៅកន្លែងផ្សេងទៀត សម្រាប់ទ្រទ្រង់ជីវភាព។
ដោយសារខិតខំពីមួយថ្ងៃទៅមួយថ្ងៃ និងស្វែងរកកន្លែងច្រៀង នៅក្នុងឆ្នាំ២០០៤ កញ្ញា មាស សុខសោភា បានចូលច្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ។ ហើយមហាជន ចាប់ផ្ដើមស្គាល់កញ្ញា មាស សុខសោភា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នក និយមចម្រៀងពិសេសស្រទាប់យុវវ័យតាមរយៈបទ «រស់ក្បែរទ្រូងបងសែនកក់ក្ដៅ» និងបទ «អូននឹកបង» ចាប់តាំងពីពេលនោះមក។ ក្លាយជាអ្នកចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែរយៈពេលមិនបាន១ឆ្នាំផងផលិតកម្មត្រូវបានប្រកាសបិទ ដោយមិនអាចប្រឈមនឹងការលួចថតចំលង នាពេលពេលនោះ។
នៅឆ្នាំ២០០៥ មាស សុខសោភា បានមកច្រៀងក្នុងផលិតកម្ម U2 វិញម្ដង។ ពេលចូលដល់ «U2» ដំបូងបទដែលអង្រួនដូងចិត្តអ្នកស្តាប់នោះគឺ «How Do I live?» «កូនឥតខាន់ស្លា» «១០១ហេតុផល» និង«ស្នេហ៍ឆ្ងាយផ្កាស្លា» ដែលជាស្នាដៃនិពន្ធដោយបងប្រុសរបស់នាងផងដែល។ នៅក្នងផលិតកម្ម U2 រយៈពេលមួយឆ្នាំ មាស សុខសោភា បានបន្សល់ស្នាដៃជាច្រើនបទដូចជា «Every Time» «តែងខ្លូនខុសរាង» «ឆ្នាំថ្មីភ័យបាត់ស្នេហ៌»(ខេមរៈ+សុខសោភា) «Sha lala» (មុន្នី+មាស សុខសោភា)។ល។
ចុងឆ្នាំ២០០៥ ផលិតកម្ម U2 បានប្រកាសបិទ ក្រោយពីមិនអាចទប់ទល់នឹងការលួចចម្លង កូពីនោះ មាស សុខសោភា បានប្តូរទ្រនំមកផលិតកម្ម M ជាផលិតកម្មបើកថ្មីស្រឡាង។ ក្រោមការខិងខំពីម្ចាស់ផលិកម្មថ្មី ដើម្បីប្រជែងទីផ្សារចម្រៀងនោះ មាស សុខសោភា ត្រូវបានផ្តល់នូវបទចម្រៀងថ្មីជាច្រើន ហើយបានទាក់ទាញយ៉ាងខ្លាំងពីអ្នក ស្តាប់ដូចជាបទ «ព្រោះគេចង់ចប់» «មួយពាន់រាត្រី» «ទឹកភ្នែកជូនដំណើរ» «ខ្លួនឯងបញ្ឈប់ចិត្តនឹក» ជាដើម។
ចាប់ពីឆ្នាំនោះមកផលិតកម្ម M មាស សុខសោភា មានសកម្មភាពកាន់តែរីកចំរើនវិស័យ ចម្រៀងនេះ និងគ្រប់ MV ដែលសំដែងទៀតសោត ទទួបានការសរសើយ៉ាងចេញចិត្តអ្មកតាមដាន។ នៅក្នុងផលិតកម្ម M ក្រោយពីចប់កុងត្រា៣ឆ្នាំ មាស សុខសោភា មានសេរីភាពអាចច្រៀងឲ្យសេរីឲ្យផលិតកម្មផ្សេងបាន រួមទាំងផលិកម្ម M ផងដែរ។ ពេលនោះ មាស សុខសោភា ក៏បានឈានជើងចូលផលិតកម្ម សាន់ដេ ដោយចាប់ដៃគូជាមួយ ខេមរៈ ម្តងទៀត។ ក្នុងផលិតកម្ម សាន់ដេ រយៈពេលមួយឆ្នាំបានបន្សល់បទចំរៀង ប្រហែល៥០បទ ក្នុងមានបទ «មួយរយភាគរយ» ជាដើម ជាបទដែលលេចធ្លោក្នុងសង្គមយុវវ័យ។
ក្នុងឆ្នាំ២០០៩ ផលិតកម្មថ្មីមួយបានបង្កើតឡើង គឺផលិតកម្ម «ថោន» ។ ពេលនោះមានការទាក់ទាញពីអ្នកដឹកនាំផលិតកម្មថ្មីមួយនេះ មាស សុខសោភា បានសម្រេចចិត្តចាកចេញពីផលិតកម្ម សាន់ដេ មកចុះកង់ត្រាថ្មីជាមួយផលិតកម្ម ថោន រួមជាមួយបងប្រុស មាស សុខរតនៈ។ នៅក្នុងផលិតកម្ម ថ្មីនេះដោយមានបងប្រុសជាបង្អែក ក្នុងការតែងទំនប់ច្រៀងផងនោះ អាល់ប៊ុមបទដំបូង ដែល មាស សុខសុភា អង្រួនផលិកម្មថោននោះ គឺបទ «I'm Sorry»។ បន្ទាប់មកបទ «រលឹមប្រុយៗ» «ដំបូលរហែក» «មេឃកំពុងភ្លៀងហើយ» «ខ្ញុំស្រឡាញ់ម៉ាកជាងគេ» «ពេលមានប្រាក់បាត់ពុកម៉ែ» បទ«ឲ្យអត់ស្រឡះទៅ»។ល។ រយៈពេល១១ឆ្នាំ ក្នុងផលិតកម្មថោន នេះ មាស សុខសោភា បានបន្សល់ចម្រៀងច្រើនជាងផលិតកម្មផ្សេងៗ។
មកដល់ពាក់កណ្តាលឆ្នាំ២០២០ ក្នុងដើមខែកក្កដានេះ ស្រាប់តែ មាស សុខសោភា ប្រកាសជាជាសាធារណៈថា នាងចាកចេញពីផលិតកម្ម ថោន មកបង្កើត ផលិតកម្មផ្ទាល់ខ្លួនវិញ។ ផលិតកម្មថ្មីនោះមានឈ្មោះថា «Camtrax» ដែលជាការបង្កើត និងគ្រប់គ្រង់ដោយស្វាមីនាងផ្ទាល់។ ភ្លាមក្នុងផលិតកម្មថ្មី «Camtrax» នាងបានចេញបទថ្មីដំបូងនោះគឺបទ «ស្រណោះដៃប្តី»។
* អំពីជីវិតស្នេហា
រឿងស្នេហារបស់ មាស សុខសោភា ហាក់ដូចជាស្រពិចស្រពិល។ រយៈពេលជាងដប់ឆ្នាំមុនបាន លេចឮនៅស្រុកគៀនស្វាយថា នាងបានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមី ជាអនិកជនកាណាដាមានឈ្មោះ «រ៉ាដា» ជាលក្ខណៈគ្រួសារស្ងាត់ៗដោយមិនមានការអញ្ជើញភ្ញៀវក្រៅពីសាច់ញ្ញាត្តិឡើយ។ ដំណឹងនេះនៅតែជាចម្ងល់របស់អ្នក សារព័ត៌មាននិងមហាជន ហើយក៏មិនដែលបានបញ្ជាក់ដោយផ្ទាល់មាត់ពី មាស សុខសោភា ថាជាការពិតយ៉ាងណាឡើយ។ តែរហូតដល់ពេលនេះជាង១០ឆ្នាំហើយនោះ សុខ សោភា តែងតែទៅណាមកណាជាមួយ លោក រ៉ាដា នោះជានិច្ច។ មកដល់ចំណុចនេះអាចគិតបាន ថាការរៀបអាពាហ៍ពិពាហ៍ នោះមិនសំខាន់សំរាប់ មាស សុខសោភា ទេអ្វីដែលសំខាន់នោះ គឺការយល់ចិត្តគ្នាក៏ថាបាន។ តែទោះជាយ៉ាងណាក៏នៅតែឃើញវត្តមានរបស់អ្នកទាំងពីរ បណ្តើរគ្នាចូលរួមគ្រប់ពេលនិងភាពផ្អែមល្ហែម។
* អំពីការងារសង្គម
ក្រៅពីសិល្បៈចម្រៀង មាស សុខសោភា ក៏លេចមុខមាត់និងល្បីខ្លាំងដែរក្នុងការងារសង្គម។ ក្នុងចំណោមតារាចម្រៀងលំដាប់ជួរមុខនៃប្រទេសមានតែ មាស សុខសោភា ម្នាក់ប៉ុណ្ណោះដែរឧស្សាហ៍ឈឺឆ្អាលរឿងសង្គម។ ជារឿយៗតែងតែឃើញ នាងចេញធ្វើសកម្មភាពជួយបរិស្ថាន និងការពារព្រៃឈើ។ ឧទាហ៍ដូចជាក្នុងឆ្នាំ ២០១៣ នាងបានចាប់ផ្តើមបណ្តុះកូនឈើនានាជាង១០០០០ដើម ដែលមានព្រះសង្ឃ និងអ្នកភូមិជួយថែរក្សាក្រោម ការគាំទ្រពីក្រសួងបរិស្ថាន និងសហគមន៍ ក្នុងតំបន់ភ្នំឱរ៉ាល់។ ហើយនៅឆ្នាំបន្ទាប់នាងបានជ្រើសរើសថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ ដែលជាថ្ងៃរុក្ខទិវាដាំកូនឈើនោះ។ និងមានសកម្មភាពប្រឆាំងនិងការកាប់បំផ្លាញ់ព្រៃឈើ ដោយបានចូលរួមក្នុងការបំបួសកូនឈើ ក្នុងសហគមន៍នោះផងដែរ។
បើយើងចាំមិនភ្លេចទេនោះ ក្នុងវេទិកាជាតិស្តីពីការ ការពារនិងអភិរក្សធនធានធម្មជាតិក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកានោះ មាស សុខ សោភា បាននិយាយយ៉ាងក្លាហានដោយស្នើសុំឲ្យរដ្ឋាភិបាលបង្កើតសួនឧទ្យានឱ្យបានច្រើន នៅក្នុងរាជធានីភ្នំពេញ។ សុំប្រជាពលរដ្ឋទាំងអស់គ្នាកុំទទួលទានសាច់សត្វព្រៃ និងទប់ស្កាត់កុំឱ្យបាត់បង់បឹងតាមោក ឬកប់ស្រូវ។ ការបញ្ចេញមតិមួយនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើននាក់ និងធ្វើឲ្យអ្នកគាំទ្រកោតសរសើរពីភាពក្លាហានរបស់នាងគ្រប់ៗគ្នា។ ទង្វើមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា មាស សុខសោភា ពិតជាស្រលាញ់ និងយកចិត្តទុកលើបរិស្ថាន ពិសេសការពារព្រៃឈើ។
* អំពីទ្រព្យសម្បត្តិ
ឈជើងលើវិស័យសិល្បៈចម្រៀងជិត ២០ឆ្នាំ ពីជីវភាពមិនសូវធូរធារ ក្លាយជាតារាលំដាប់ប្រទេសមួយរូបដែរ តើតារារូបនេះសល់ទ្រព្យសម្បត្តិអ្វីខ្លះ? តាមការស្វែងរកព័ត៌មាននេះបានឲ្យដឹងថា៖ ចំពោះប្រាក់ និងគ្រឿងអលង្កា មានចំនួនប៉ុន្មានមិនអាចបញ្ជាក់ជូនបានទេ។ តែអាចដឹងបានត្រឹមថា មាស សុខសោភា ជិះរថយន្ត ហាយលែនដឺ។ មានខុនដូមួយកន្លែងដែលរស់នៅសព្វថ្ងៃ មាន២បន្ទប់ នៅជាន់ទី៩ នៅ (Condo Rose) ក្នុងតំបន់លំដាប់ខ្ពស់ប្រចាំប្រទេស ទីក្រុងកោះពេជ្រ ដែលមានតំលៃរាប់សែនដុល្លារ។ ដីកសិដ្ឋានដ៏ធំមួយកន្លែង ក្នុងខេត្តកំពង់ធំ ត្រៀមដាំដំណាំផ្សេងៗ ព្រមទាំងអាចនឹងមានអចលនទ្រព្យផ្សេងទៀត។
* អំពីជំនួញក្រៅពីសិល្បៈ និងប្រាក់ចំណូល
ក្រៅពីសិល្បៈ មាស សុខសោភា មានមុខរបរផ្ទាល់ខ្លួន មានផលិតកម្ម ផ្ទាល់ខ្លួនដែលមានឈ្មោះ «Camtrax» តែមិនដឹងថាត្រូវចំណាយដើមទន់ទំហំប៉ុន្មាននោះទេ។ ក្រៅពីនោះនៅមានដីកសិដ្ឋានចំការដ៏ធំមួយកន្លែង ក្នុងខេត្ត កំពង់ធំ កំពុងរៀបដំណើរការដាំដុះដំណាំផ្សេងៗមិនទាន់ទទួលផលនៅឡើយទេ។ ភាពល្បីល្បាញរបស់ មាស សុខសោភា មិនអាចខ្វះបានពីម្ចាស់ផលិតផលនានា ដែលត្រូវការរូប នាងជាជំនួយក្នុងកិច្ចការពាណិជ្ជកម្ម របស់ក្រុមហ៊ុនគេឡើយ មាស សុខសោភា ឈរជាទូតសុឆន្ទៈ តំណាងផលិតផលល្បីៗ មួយចំនួនដូចជា ស្រាហិនស្ស៊ី (Hennessy) ភេជ្ជៈ អូឡាតេ លិតផល Synovy ក្រុមហ៊ុន Huawei ក្រុមហ៊ុននាឡិកា Casio និងផលិតផលមួយចំនួនទៀត។ ប្រាក់ចំណូលពីការឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីគឺ ៣០០០ដុល្លារ ទៅ ៤៥០០ដុល្លារ តាមផលិតផល និងទីតាំងឆ្ងាយជិតរួមទាំងក្រុមរាំផង។ ចំណែកជាតំណាងផលិតផលមានពីអាចពីចាប់៣០០០០ដុល្លារឡើងទៅ។
* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត
មាស សុខសោភា មានទម្លាប់មួយគឺពេលចេញទៅក្រៅតែងតែទៅជាក្រុមរាំរបស់នាង និងធ្វើខ្លួនជាលក្ខណៈសាមញ្ញ និងពាក់មួកហាមធំៗ។ មានតែទៅកម្មវិធីធំៗទេ ទើបនាងទៅជាមួយស្វាមី ឬម្នាក់ឯង មិនសូវនិយមពាក់គ្រឿងអលង្កាធំៗទេ។ ទំលាប់ហាត់ យូហ្គាជាប្រចាំ និងហាត់រាំជាមួយក្រុមរាំរៀងរាល់ថ្ងៃ ។ ចូលចិត្តញាំបន្លែជាងសាច់។ ភេសជ្ជៈនិយម ស្រាបៀរ Heineken ទឹកសុទ្ធ និងស្រា ( Hennessy) និងពេលទំនេនៅទៅមើលចំការ។ ចំពោះសំលៀកបំពាក់ចូលក្នុងកម្មវីធីសង្គម និយមស្លៀកខោ និងអាវធំពីលើអាវសាច់ក្រណាត់ ចំណែកក្នុងសង្គមបែប ប្រពៃណី និង សំដែង ទំលាប់រើសក្រណាត់ និងចេញម៉ូដដោយខ្លួនឯង និងមានជាងប្រចាំខ្លួន។ ការផាត់មុខឬ ធ្វើសក់ច្រើននិយមទៅហាង «ពុយសាឡន» និងពេលសំដែងផ្លូវឆ្ងាយ ច្រើនឆ្នៃដោយខ្លួនឯង និងមាននាងរំដួលលិចទឹក ជាជំនួយការ៕