(អឺរ៉ុប)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ភពរបស់យើងទើបតែទទួលបាននូវរូបភាពកៀកបំផុតមិនធ្លាប់មាននៃព្រះអាទិត្យ ដែលថតបាន តាមរយៈ យានអវកាសមួយរបស់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

រូបភាពទាំងនោះត្រូវបានផ្តិតយកដោយយានអវកាស Solar Orbiter ដែលត្រូវបានបាញ់បង្ហោះកាលពីខែកុម្ភៈកន្លងទៅ ដោយទីភ្នាក់ងារ អវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសអាមេរិក NASA។ វាត្រូវបានអភិវឌ្ឍឡើងដោយ ESA។ ពេលដែលវាផ្តិតយករូបភាពទាំងនោះ កាលពីខែមុន គឺយាន Solar Orbiter ស្ថិតនៅចម្ងាយប្រហែល៧៧លានគីឡូម៉ែត្រពីព្រះអាទិត្យ ដែលបើនិយាយអំពីលំហដ៏ធំល្វឹងល្វើយ វាគឺជារយៈចម្ងាយដ៏ជិតមួយ។ ចម្ងាយនោះគឺប្រហែលពាក់កណ្តាល នៃគម្លាតពីផែនដីទៅផ្កាយរបស់យើង

គួរជម្រាបថា យានអវកាសមួយទៀតគឺ Parker Solar Probe របស់ NASA កំពុងគោចរនៅកៀកព្រះអាទិត្យជាង Solar Orbiter ប៉ុន្តែ គឺ កៀកពេកមិនអាចឲ្យកាមេរ៉ារបស់វា ផ្តិតយករូបភាពព្រះអាទិត្យបានដោយសុវត្ថិភាព។ យ៉ាងណាក្តី យាន Solar Orbiter មានគោលដៅ នឹងរំកិលឲ្យកាន់តែកៀកថែមទៀតទៅក្បែរព្រះអាទិត្យ ក្នុងអំឡុងពេល២ឆ្នាំខាងមុខ៕