(ឡូសាណេ)៖ លោក Thomas Bach បានថ្លែងឲ្យដឹងនៅថ្ងៃសុក្រ ទី១៧ ខែកក្កដាថា លោកនឹងឈរឈ្មោះនៅឆ្នាំ២០២១ សម្រាប់អាណត្តិទី២ ក្នុងនាមជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ជាបន្តទៀត។

បុរសជនជាតិអាល្លឺម៉ង់ វ័យ ៦៦ឆ្នាំរូបនេះត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានអូឡាំពិករយៈពេល ៨ឆ្នាំកាលពីខែកញ្ញា ឆ្នាំ ២០១៣ ជំនួសកន្លែងរបស់លោក Jacques Rogge ដែលជាជនជាតិប៊ែលហ្សិក។ លោក Bach នឹងមានសិទ្ធិទទួលបានអាណតិ្ត ៤ឆ្នាំចុងក្រោយ និងជាលើកទី២ ទៀត។

ថ្លែងនៅក្នុងសន្និសីទ IOC លេីកទី១៣៦ ដែលប្រារព្ធធ្វើឡើងក្នុងសម័យជំងឺរាតត្បាត Covid-19 លោក Bach បាននិយាយថា ប្រសិនបើអ្នកដែលជាសមាជិក IOC ចង់បាន ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ ក្នុងនាមជាប្រធានស្ថាប័នកំពូលនេះ ហើយបន្តបម្រើអ្នក និងចលនាអូឡាំពិកនេះ។ យើងទាំងអស់គ្នាស្រឡាញ់ខ្លាំងណាស់សម្រាប់រយៈពេល ៤ឆ្នាំទៀត។

គួរបញ្ជាក់ផងថា ការបោះឆ្នោតជ្រើសរើសប្រធាន IOC គ្រោងនឹងធ្វើឡើងនៅទីក្រុងអាតែន ប្រទេសក្រិក នាខែមិថុនាឆ្នាំ២០២១។

លោក Bach ដែលបានឈ្នះមេដាយមាសសម្រាប់ប្រទេសអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៧៦ បានអះអាងថា សមាជិក IOC មួយចំនួនធំថ្មីៗនេះបានសួរគាត់ថា តើគាត់នឹងបន្តឈរឈ្មោះបោះឆ្នោតឡើងវិញឬអត់។

លោក Bach បានឆ្លេីយតបថា ខ្ញុំមានអំណរគុណ និងរំជួលចិត្តយ៉ាងខ្លាំងចំពោះពាក្យលើកទឹកចិត្ត និងទំនុកចិត្តជាច្រើន ក្នុងការបន្តប្រជែងតំណែងដ៏ធំនេះ៕