(បរទេស)៖ លោក Wilbur Wright និង លោក Orville Wright គឺជាបងប្អូនជនជាតិអាមេរិកពីរនាក់ ដែលបានសម្រេចជោគជ័យក្នុងការបង្កើត យន្តហោះផ្លូវការកាលពីដើមសតវត្សរ៍ទី២០។
លោក Wilbur Wright កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៦៧ នៅរដ្ឋ Indiana។ លោកជាកូនកណ្តាលនៅក្នុងគ្រួសារ ដែលមានបងប្អូនសរុប៥នាក់។ ដៃគូលេងកម្សាន្តតាំងពីកុមារភាពរបស់លោក Wilbur គឺប្អូនប្រុសរបស់លោកឈ្មោះ Orville Wright ដែលបានកើតនៅក្នុងឆ្នាំ១៨៧១។
ជារឿយៗឪពុកអ្នកទាំងពីរគឺលោក Milton Wright តែងតែត្រឡប់ផ្ទះវិញជាមួយប្រដាប់ប្រដាក្មេងលេង សម្រាប់កូនៗលោក។ នៅឆ្នាំ១៨៧៨ លោកបាននាំយករបស់លេងមួយ ដែលមើលទៅដូចជាឧទ្ធម្ភាគចក្រ ធ្វើឡើងអំពីឈើ ឬស្សី និងក្រដាស ហើយស្លាបវាវិលដោយប្រើកៅស៊ូ។ របស់ក្មេងលេងមួយនោះ ត្រូវបានធ្វើឡើងដោយផ្អែកលើគំរូរចនាមួយរបស់លោក Alphonse Pénaud ដែលជាអ្នកជំនាញវិស័យហោះហើរ ជនជាតិបារាំង។ ចាប់តាំងពីនោះមក បងប្អូនទាំងពីរនាក់ក៏ចាប់ផ្តើមមានចិត្តស្រឡាញ់ចូលចិត្តការហោះហើរ។
ពេលធំដឹងក្តីឡើង លោក Wilbur និង លោក Orville តែងតែធ្វើការងារពាក់ព័ន្ធនឹងគម្រោងមេកានិចជាច្រើន ហើយតាមដានជាប់និច្ចចំពោះ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត។ បងប្អូនត្រកូល Wright ទាំងពីរនាក់ បានផ្តោតការចាប់អារម្មណ៍ជាពិសេសទៅលើ ការងារស្រាវជ្រាវ របស់អ្នកជំនាញផ្នែកហោះហើរជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Otto Lilienthal។ នៅពេលលោក Lilienthal បាត់បង់ជីវិត ក្នុងការធ្វើតេស្តយន្តហោះ សំកាំងមួយ លោក Wilbur និងលោក Orville បានសម្រេចថា ពួកគេនឹងចាប់ផ្តើមការពិសោធន៍ដោយខ្លួនឯងជាមួយការហោះហើរ។
អ្នកទាំងពីរបានធ្វើដំណើរទៅក្រុង Kitty Hawk ក្នុងរដ្ឋ North Carolina ដោយសារតែនៅទីនោះមានខ្សល់បក់ខ្លាំង អំណោយផលសម្រាប់ ការអភិវឌ្ឍយន្តហោះរបស់ពួកគេ។ លោក Wilbur និង លោក Orville បានព្យាយាមស្វះស្វែងរករបៀបរចនាស្លាប សម្រាប់ការហោះហើរ។ លោក Wilbur និង Orville បានបង្កើតគំរូស្លាបមួយហៅថា Wing Warping ដែលយកលំនាំតាមការបត់បែនស្លាបនៃសត្វបក្សី។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួកគេបានទទួលជោគជ័យក្នុងការហោះហើរយន្តហោះ ដែលមានការបញ្ជាគ្រប់គ្រង ដំណើរការដោយម៉ាស៉ីន និងមានទម្ងន់ធ្ងន់ជាងខ្យល់។ លោក Wilbur ហោះហើរបានរយៈពេល៥៩វិនាទី នៅរយៈកម្ពស់២៦០ម៉ែត្រ ពោលជាសមិទ្ធផលអស្ចារ្យមួយ ។ យន្តហោះរបស់អ្នកទាំងពីរ ត្រូវបានដាក់ឈ្មោះឲ្យថា «The Flyer»។ ពីរឆ្នាំក្រោយមក ពួកគេក៏សម្រេចបាននូវយន្តហោះផ្លូវការ ដែលអាចប្រើ សម្រាប់ការធ្វើដំណើរលើអាកាសបានតែម្តង។
យ៉ាងណាក្តី នៅមានមនុស្សជាច្រើនដែលពុំទាន់ទទួលស្គាល់ ចំពោះភាពជោគជ័យរបស់ពួកគេនៅឡើយទេ ទើបនៅក្នុងឆ្នាំ១៩០៨ លោក Wilbur បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ក្រោមក្តីសង្ឃឹមថា លោកនឹងទទួលបានការកោតសរសើរនៅទីនោះ និងមានឱកាសលក់ យន្តហោះដែលលោក និងលោក Orville អភិវឌ្ឍឡើង។
មកដល់ប្រទេសបារាំងលោក Wilbur ទទួលបាននូវការស្វាគមន៍ពីមហាជន។ លោកបានធ្វើបទបង្ហាញហោះហើរជាច្រើន និងអនុញ្ញាតឲ្យមន្រ្តី អ្នកកាសែត និងឥស្សរជនរាប់មិនអស់ ជិះយន្តហោះរបស់លោក។ នៅឆ្នាំ១៩០៩ លោក Orville ក៏បានធ្វើដំណើរមកអឺរ៉ុប ដើម្បីជុំបងប្រុសរបស់លោក។ បងប្អូនត្រកូល Wright បានមានឈ្មោះបោះសំឡេងកាន់តែខ្លាំងនៅទីនោះ ដោយសែរាជវង្សព្រមទាំងប្រមុខរដ្ឋនៃប្រទេសផ្សេងៗ បានអញ្ជើញពួកគេឲ្យចូលជួប ហើយពួកគេបានលេចមុខនៅលើទំព័រកាសែតជាប្រចាំ។
បងប្អូនត្រកូល Wright បានចាប់ផ្តើមលក់យន្តហោះនៅអឺរ៉ុប មុននឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅក្នុងឆ្នាំ១៩០៩។ អ្នកទាំងពីរ បានក្លាយជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈយន្តហោះរបស់ពួកគេលក់ដាច់ជាខ្លាំង ទាំងនៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិកផ្ទាល់។ លោក Wilbur បានទទួលមរណភាពក្នុងឆ្នាំ១៩១២ ដោយសារជំងឺគ្រុនពោះវៀន ខណៈលោក Orville បានទទួលមរណភាពនៅឆ្នាំ១៩៤៨ ដោយសារជំងឺគាំងបេះដូង។
គួរជម្រាបថា ទោះបីយន្តហោះក្នុងទម្រង់ផ្សេងៗច្រើន មានវត្តមានមុនយន្តហោះរបស់បងប្អូនត្រកូល Wright ក៏ដោយ មនុស្សភាគច្រើនបាន ចាត់ទុកអ្នកទាំងពីរគឺជា អ្នកបង្កើតយន្តហោះដោយជោគជ័យមុនគេ។ គិតចាប់តាំងតែពីយន្តហោះដំបូង ដែលបងប្អូនត្រកូល Wright បង្កើតឡើង យានជំនិះលើអាកាសនេះបានវិវត្តន៍ខ្លួនជាខ្លាំងមកទល់សព្វថ្ងៃ៕