(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ ទេព ម៉ាយ៉ា គេតែងតែនឹកដល់លោកស្រី ស្រីតូច ចំណាន ព្រោះនាងត្រូវបានមហាជនថា មានមុខមាត់ ស្រដៀងគ្នាបេះបិត។ ជាក់ស្តែងបច្ចុប្បន្ននេះ ទេព ម៉ាយ៉ា ក្រៅពីត្រូវបានគេស្គាល់ច្រើន តាមរយៈការងារសិល្បៈហើយនោះ នាងក៏លេចធ្លោរខ្លាំង ក្នុងវិស័យជំនួញ ពោលបានក្លាយជាអគ្គនាយិកាក្រុមហ៊ុន គ្រឿងក្រអូបមួយរូប តែទំរាំឈានដល់ដំណាក់កាលនេះ ទេព ម៉ាយ៉ា ថា បានបរាជ័យជាច្រើនលើកច្រើនសារ ក្នុងវិស័យជំនួញ ស្ទើរតែបោះបង់ចោលទៅហើយ។
ការថ្លែងបែបនេះ ពីសំណាក់អ្នកនាង ទេព ម៉ាយ៉ា គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News នាពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងការតស៊ូជាមួយមុខជំនួញ អ្នកនាង ទេព ម៉ាយ៉ា និយាយថា ទំរាំជោគជ័យដូចសព្វថ្ងៃ គឺដើរដួលៗស្ទើរតែលេងចង់ងើបទៅមុខ ទៅហើយ ខណៈការងារដំបូង បើកហាងបាយ និងអាហារសម្រន់ តែបរាជ័យ។ ក្រោយមកក៏នឹកឃើញ មុខរបរផ្សេងទៀត គឺបើកហាងសាឡន ដោយបានពង្រីករហូតដល់ទៅ ២សាខាឯណោះ។ តែយ៉ាងណា ការងារទាំងអស់នោះ នៅតែមិនដំណើរការ ទ្រាំនឹងការខាតបង់មិនបាន ក៏បរាជ័យជាលើកទី២។
ទោះបីជា ទទួលបទពិសោធន៍បរាជ័យទាំងនោះក៏ដោយ ទេព ម៉ាយ៉ា ហាក់មិនបោះបង់ចោលក្តីស្រមៃ លើវិស័យជំនួញឡើយ។ ក្រោយការលើកទឹកចិត្តពីមនុស្សជាទីស្រឡាញ់ នៅជុំវិញខ្លួន ទេព ម៉ាយ៉ា បានបើកលក់គ្រឿងក្រអូប ដែលដំបូងឡើយ លក់ខ្លួនឯង ដឹកខ្លួនឯង ជាមួយដើមទុនតិចតួច រហូតទទួលបានការគាំទ្រច្រើនពីអតិថិជន ទើបបន្តរីកចម្រើន បង្កើតបានក្រុមហ៊ុនមួយផ្ទាល់ខ្លួន ផ្នែកគ្រឿងសំអាង គឺ S&Y Brand Cambodia។
ផ្តើមប្រឡូកក្នុងវិស័យសិល្បៈដំបូងឡើង ទេព ម៉ាយ៉ា ចូលតាមរយៈប្រឡងក្នុងកម្មវិធី កញ្ញាឯកធម្មជាតិឆ្នាំ២០១៧ និងទទួលបានជ័យលាភីលេខ១។ ក្រោយពីជាប់ជាកញ្ញាឯកធម្មជាតិការងារសិល្បៈរបស់នាង ហាក់មិនសូវជាមានច្រើនឡើយ ភាគច្រើនបានត្រឹមតែថតស្ប៉ត ពាណិជ្ជកម្ម និងសំអាងការប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណាស្រីស្អាតរូបនេះ បែរជាល្បីខាងរកស៊ីទៅវិញ។ ការរកស៊ីរបស់នាងផ្តោតសំខាន់ លើមុខជំនួញគ្រឿងសាឡន ដោយផ្តើមពីដើមទុនដំបូងរបស់នាង មានត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ។
ងាកមកជីវិតឯកជនវិញ កញ្ញាឯកធម្មជាតិឆ្នាំ២០១៧ ស្រីស្អាត ទេព ម៉ាយ៉ា បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងតែរស់នៅយ៉ាងមានក្ដីសុខ បន្ទាប់ពីរៀបការជាមួយស្វាមី ដែលមានងារជាឯកឧត្ដមមក។ នាងត្រូវបានគេដឹងថា មានជំនួញក្នុងដៃយ៉ាងតិច៣ក្រុមហ៊ុន ហើយអ្វីដែលជាការកោតសរសើរនោះ ស្ត្រីរូបស្រស់សោភាពូកែខាងរកស៊ីរូបនេះ ផ្ដើមពីដើមទុនត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ តស៊ូព្យាយាមអាចបង្កើតទុនរាប់លានដុល្លារក្នុងដៃរ។
សូមទស្សនាកិច្ចសម្ភាសន៍ ដូចខាងក្រោមនេះ៖