(តូក្យូ)៖ ចក្រភពអង់គ្លេសបានស្នើជប៉ុនឱ្យជួយបង្កើតបច្ចេកវិទ្យា Wireless 5G សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ជំនួស 5G របស់ក្រុមហ៊ុន Huawei និងដើម្បីចាកឆ្ងាយពីសង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាមេរិក ហើយក៏ដើម្បីរក្សាសុខសន្តិជាតិផងដែរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ប្រភពសារព័ត៌មាននៅក្នុងប្រទេសជប៉ុន Nikkei បានចេញផ្សាយថា ចក្រភពអង់គ្លេសបានជ្រើសរើសយកក្រុមហ៊ុន NEC Corp និង Fujitsu Ltd សម្រាប់ ធ្វើជាដៃគូក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា 5G ក្រោយពីបានប្រកាសជាផ្លូវការឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់នៅក្នុងស្រុកបញ្ឈប់ការបញ្ជាទិញ ឧបករណ៍ក្រុមហ៊ុន Huawei នៅចុងឆ្នាំនេះ។
សារព័ត៌មាន Nikkei បានផ្សាយថា ចក្រភពអង់គ្លេសបានជួបជាមួយក្រុមហ៊ុន NEC Corp និង Fujitsu Ltd កាលពីសប្ដាហ៍មុន ពោលពីរក្រោយ ប្រកាសឈប់ប្រើបច្ចេកវិទ្យា 5G របស់ Huawei នៅ ២០២៧ ហើយបើតាមប្រភពជិតស្និទ្ធមួយបានបង្ហើបឱ្យដឹងថា ចក្រភពអង់គ្លេសបានបញ្ជាទិញ ឧបករណ័ថ្មីៗពីក្រុមហ៊ុនទាំងពីរខាងលើ ប៉ុន្តែនៅពេលនេះកំពុងតែចរចារឿងតម្លៃ៕