(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ទីលាន ដើម្បីរៀបចំការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup សម្រាប់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ ហើយ ដែលនឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី២៩ ខែកក្កដាខាងមុខ។

ការកំណត់ទីលានប្រកួតផ្ដាច់ព្រ័ត្រនេះ ធ្វើឡើងស្របពេលពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី-ថ្នាក់ខេត្ត បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ កាលពីថ្មីៗ ហើយត្រៀមប្រកួតជើងទី២ នាថ្ងៃទី២២ ខែកក្កដា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ។

គួរដឹងថា កាលពីឆ្នាំ២០១៩ វគ្គផ្ដាច់ព្រ័ត្រនៃពាន Hun Sen Cup - ថ្នាក់ខេត្ត បានប្រកួតនៅកីឡដ្ឋានវិសាខា ខណៈពេលនោះ ក្រុមជម្រើសខេត្តត្បូងឃ្មុំ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះខេត្តសៀមរាប ដោយលទ្ធផល ១-០ គ្រាដែលលេខ៣ បានទៅខេត្តរតនគិរី ក្រោយយកឈ្នះខេត្តកោះកុង ៣-១។

ចំពោះបេក្ខភាព កំពុងប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២០ គឺខេត្តព្រៃវែង ជួបខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ជួបខេត្តកែប។ កាលពីជើងទី១ ខេត្តព្រៃវែងបានទទួលជ័យជម្នះក្រៅដី ២-០ ស្របពេលខេត្តត្បូងឃ្មុំ បានទទួលជ័យជម្នះ ២-១ ក្នុងដី។ ដូច្នេះក្រុមណាឡើងវគ្គផ្ដាច់ព្រ័ត្រ ត្រូវចាំអ៊ុតលទ្ធផលប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២២ ខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ បានដំណើរការប្រកួតតាំងពីថ្ងៃទី១១ ខែកុម្ភៈ ដោយមាន ១៧ក្រុមចូលរួម ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែកក្កដា។ ចំណែកការប្រកួតពានថ្នាក់ជាតិវិញ គ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១២-១៣ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបេក្ខភាពចូលរួម ១៦ក្រុម ក្នុងនោះមានក្រុមសមាជិកលីគកំពូលកម្ពុជា ១២ក្លិប និងបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ៤ក្រុម៕