(បរទេស)៖ ក្រុមហ៊ុន TikTok បានពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេសកាលពីប្រមាណ២ ទៅ៣ខែមុន ក្នុងគោលបំណងស្នើសុំទីតាំង ដើម្បី បើកការិយាល័យកណ្ដាលរបស់ខ្លួននៅក្នុងទីក្រុងឡូងដ៍ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របង្ហាញឱ្យឃើញថា TikTok មិនមែនជាកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មានទីតាំងជាច្រើននៅក្នុងទីក្រុងឡុងដ៍ ដែលស័ក្តិសមសម្រាប់ TikTok បើកការិយាយល័យកណ្ដាលរបស់ខ្លួន ប៉ុន្តែកិច្ចពិភាក្សាមួយនោះត្រូវបានស្ងប់ស្ងាត់រហូតមកដល់ពេលនេះ។

ប្រភពដែលដឹងព័ត៌មានបានរាយការណ៍ប្រាប់សារព័ត៌មាន Reuters ថា ចំពោះទីតាំងដែល TikTok ចាប់អារម្មណ៍នោះមានច្រើនកន្លែង ប៉ុន្តែគេមិនដឹងច្បាស់ជាកន្លែងណាមួយជាក់លាក់ទេ ព្រោះកិច្ចពិភាក្សាត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌឯកជន ហើយបើតាមមើលទៅលើភាពជាក់ស្ដែង កិច្ចពិភាក្សានោះប្រហែលជាបរាជ័យ ដោយសារមានការទាមទារខ្ពស់ពីសំណាក់អង់គ្លេស។

គួរបញ្ជាក់ផងដែថា ក្រោយពីឥណ្ឌាប្រកាសបិទ TikTok ជាផ្លូវការ សហរដ្ឋអាមេរិកក៏បានប្រកាសថាខ្លួនកំពុងពិចារណាលើការបិទនេះផងដែរ រហូតដល់ថ្មីៗនេះ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានបានផ្ដល់យោបល់ថា TikTok គួរប្ដូរពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុនអាមេរិកឯករាជ្យវិញ ដើម្បីគេចផុសពីរឿងអាក្រក់ខាងលើនេះ៕