(សៀមរាប)៖ ក្លិបសៀមរាបយូណាយធីត បានប្រកាសបើកដំណើរការសាលាបាល់ទាត់យុវជនផ្លូវការហើយ ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ពិសេសអ្នកខេត្តសៀមរាប ទទួលបានការហ្វឹកហាត់ត្រឹមត្រូវ ឈានទៅក្លាយធនធានកីឡាករអាជីពនាថ្ងៃអនាគត។

ការប្រកាសដំណឹងល្អសម្រាប់យុវជនចង់ក្លាយជាកីឡាករអាជីពនេះ គឺក្រោយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសតែងតាំងលោក Scott O’Donell អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូឧទ្ទេសរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ធ្វើជាទីប្រឹក្សាក្លិបកាលពីពេលថ្មីៗ។

ក្លិបមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ SRU នេះ បញ្ជាក់ថា «ក្លិបសៀមរាបយូណាយធីត មានកិត្តិយសជម្រាបជាដំណឹងអំពីការបើកដំណើរការសាលាបាល់ទាត់យុវជន ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនកម្ពុជា ពិសេសក្នុងមូលដ្ឋានផ្ទាល់ប្រើប្រាស់ពេលវេលាជាមួយកីឡា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរ ក៏ដូចជាការរួមចំណែកកសាងធនធានកីឡាករសម្រាប់អនាគតបាល់ទាត់កម្ពុជាជារួម»

ចំពោះលក្ខខណ្ឌចូលរួមវិញ យុវជនត្រូវមានអាយុក្រោម ១៤ឆ្នាំ (កើតឆ្នាំ២០០៧)។ ប៉ុន្ដែកាលបរិច្ឆេទហ្វឹកហាត់ ក្លិបមិនទាន់បញ្ជាក់នោះទេ ដោយក្លិបនឹងជូនដំណឹងពេលក្រោយ។ នេះបើតាមការបញ្ជាក់របស់ក្លិបពាក់កណ្ដាលអាជីព ដែលមានលោក លី សេងហួរ ជាប្រធានក្លិប និងជាស្ថាបនិកកីឡដ្ឋាន SRU។

គួរដឹងថា កាលពីថ្មីៗ សៀមរាបយូណាយធីត បានប្រកាសដំណឹងដ៏រសើបមួយ ក្នុងតែងតាំងលោក Scott O'Donell ដោយភ្ជាប់ជាមួយនូវសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបុរសជនជាតិអូស្ដ្រាលីរូបនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបាល់ទាត់តទៅអនាគត។

លោក Scott O'Donell ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ២លើក ដោយលើកទី១ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ និងលើកទី២ ដឹកនាំចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១០។ អ្វីដែលចងចាំមិនភ្លេច គឺលោក Scott O’Donnell ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ឈ្នះពានមិត្តភាពអន្ដរជាតិ BIDC Cup ផងដែរ៕