(ភ្នំពេញ)៖ ពាក្យមួយឃ្លា បានពោលថា «ទូកទៅកំពង់នៅ» មិនខុសពីការបាត់បង់លោក ព្រឹទ្ធាចារ្យ ព្រីង សាឃន នៅពេលនេះឡើយ ទោះបីលោកឃ្លាតឆ្ងាយ ចែកឋានទៅកាន់លោកខាងមុខក្តី ប៉ុន្តែស្នាដៃដ៏ល្អឯក ឥតគណនា ដែលបានបន្សល់ទុកក្នុងវិស័យសិល្បៈ គឺនៅតែត្រូវបានទស្សនិកជនខ្មែរទស្សនា ចងចាំមិនភ្លេច។ ជាសេសកេរ្តិ៍ឈ្មោះដែលលោកបានសាងក្នុងវិស័យភាពយន្តទី៧ មួយនេះ ក៏នៅតែស្ថិតក្នុងបេះដូងមនុស្សជំនាន់ក្រោយ ជារៀងរហូត ។

មរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន បាននាំមកនូវសេចក្តីក្រៀមក្រំយ៉ាងធំធេងសម្រាប់កូនៗចៅៗ និងសាច់ញាតិ និងសិល្បករជំនាន់ក្រោយ ដែលធ្លាប់ហាត់រៀន ទទួលការបណ្តុះបណ្តាលចំណេះជំនាញផ្សេងៗ ផ្នែកសិល្បៈជាមួយលោក។ មរណភាពលោកព្រឹទ្ធាចារ្យ ព្រីង សាឃន ត្រូវបានចាត់ទុកថា ជាការបាត់នូវមរតកផ្នែកវប្បធម៌មនុស្សរស់របស់ខ្មែរមួយរូប ។ ថ្ងៃនេះ Fresh News Plus សូមជំរាបជូនប្រិយមិត្ត នូវប្រវត្តិសង្ខេបរបស់លោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលមហាជនទូទៅមិនធ្លាប់បានដឹង។

បើយោងតាមផេក «វប្បធម៌ខ្មែរ» បានឲ្យដឹងថា វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន កើតនៅឆ្នាំ១៩៤០ ក្នុងភូមិព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកតា ព្រីង សាឃន បានរៀបមង្គលការនៅឆ្នាំ១៩៦២ ជាមួយប្រពន្ធដើមឈ្មោះ សុខ វ៉ាន់ ដោយទទួលបានកូនចំនួន១១នាក់។ ក្រោយមកលោកបានរៀបការប្រពន្ធទី២ឈ្មោះ អ៊ឹម សុវណ្ណ ធ្វើការនៅក្រសួងវប្បធម៌ ជាអ្នកសិល្បៈដូចគ្នា ដោយទទួលបានកូនស្រី៣នាក់។ សព្វថ្ងៃលោក និងគ្រួសាររស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពោះវិស័យសិល្បៈ, នៅឆ្នាំ១៩៥៣ លោក បានចូលរៀនផ្នែកល្ខោននិយាយ នៅអតីតសាលាល្ខោនជាតិ ដែលក្រោយមកក៏បានប្ដូរឈ្មោះមកជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បន្ទាប់ពីរៀនចប់ហើយ លោកបានសម្ដែងនៅលើឆាកជាច្រើន ក្នុងតំណែងជាតួរាយរងប៉ុណ្ណោះ។

ក្រោយរបបខ្មែរក្រហមដួលរលំទៅ លោកបានត្រឡប់មកភ្នំពេញវិញ ដោយប្រកបអាជីពជាអ្នកសម្ដែង ជាតួ រាយរងដដែល។ តួអង្គ ដែលធ្វើឲ្យទស្សនិកជនស្គាល់លោកច្បាស់បំផុតនោះ គឺការសម្ដែងជា «តាជូជក់» ក្នុងរឿងយីកេរ «ព្រះវេស្សន្ដរ» នៅឆ្នាំ១៩៩៣, រឿង «ទុំទាវ» ឆ្នាំ១៩៦៥, រឿង «ស្នេហាស្រុកស្រែ» ឆ្នាំ១៩៦៧, រឿង «ថ្មរាំ» ឆ្នាំ១៩៧៣ និងរឿង «នាងសក់ពស់» ឆ្នាំ១៩៧៤។

នាថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ត្រូវបានដាក់ងារជា «នាដកោសល្យវដ្តី» តាមរយៈព្រះរាជក្រឹត្យ របស់ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសតែងតាំងមតរកមនុស្សរស់ នៃប្រទេសកម្ពុជា។ ក្នុងចំណោមព្រឹទ្ធាចារ្យសិល្បៈទាំង១៧រូប ដែលត្រូវបានតែងតាំង ក៏មានលោកព្រឹទ្ធាចារ្យ ព្រីង សាឃន ផងដែរ ដោយតែងតាំងជា «នាដកោសល្យវដ្តី»។

លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន បានលះបង់ និងការពុះពារឥតខ្លាចនឿយហត់ ក្នុងការធ្វើពលិកម្មជាច្រើន ក្នុងការបម្រើឲ្យវិស័យសិល្បៈខ្មែរ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជាចំណេះដឹងជំនាញទេពកោសល្យ និង បច្ចេកទេសស្នាដៃឯក ផ្នែកបេតិកភណ្ឌ វប្បធម៌អរូបី។

លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង ៥៖៤៥ នាទី ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ការទទួលមរណភាពរបស់ លោកព្រឹទ្ធាចារ្យ បានបន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេក ពីសំណាក់សិល្បករ-សិល្បការិនី និងប្រជាជនកម្ពុជាទូទាំងប្រទេស ចំពោះការបាត់បង់មរតកមនុស្សរស់ ដែលមានគុណបំណាច់ចំពោះការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់របស់លោកកន្លងមក ចំពោះសិល្បៈវប្បធម៌ខ្មែរ៕