(ឥណ្ឌា)៖ រដ្ឋាភិបាលឥណ្ឌាបានកំណត់អត្តសញ្ញាណថា យ៉ាងហោចណាស់មានក្រុមហ៊ុនចិនចំនួន ៧ធំ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា មានទំនាក់ទំនងដោយផ្ទាល់ និងមិនផ្ទាល់ជាមួយ កងទ័ពរំដោះចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនចិនដែលវិនិយោគនៅក្នុងប្រទេសឥណ្ឌាក្នុងទឹកប្រាក់វិនិយោគច្រើនសន្ធឹកសន្ធាប់នោះ គឺបានមកពីរដ្ឋាភិបាលចិន ហើយប្រាក់ចំណេញដែលទទួលបានគឺយកទៅប្រើប្រាស់ក្នុងវិស័យការពាររបស់រដ្ឋាបាលចិន។

ក្រុមហ៊ុនទាំង ៧នោះរួមមាន៖ Alibaba, Tencent, Huawei, Xindia Steels Ltd, Xinxing Cathay International Group, China Electronics Technology Group Corporation និងក្រុមហ៊ុន SAIC Motor Corporation Limited ដែលក្រុមហ៊ុនទាំងនេះបានបោះទុនរកស៊ីនៅក្នុងប្រទេសឥណ្ឌាក្នុងទឹកប្រាក់ជាច្រើន។

ប្រភពជិតស្និទ្ធនឹងព័ត៌មានខាងលើនេះបានឲ្យដឹងថា នៅពេលនេះរដ្ឋាភិបាលឥណ្ឌានៅមិនមានវិធានការ ឬសកម្មភាពអ្វីនោះទេ។

កាលពីថ្មីៗនេះ សហរដ្ឋអាមេរិកក៏ធ្លាប់លើកឡើងដូចគ្នាថា មានក្រុមហ៊ុនចិន ប្រមាណជា ២០ ដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិច មានទំនាក់ទំនងជាមួយកងទ័ពរំដោះចិន។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍ហាក់កាត់តែក្ដៅឡើងៗ សម្រាប់ទំនាក់ទំនងរវាងចិន និងឥណ្ឌា ដោយក្រោយពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ឥណ្ឌាបានបិទកម្មវិធីទូរស័ព្ទដៃចំនួន៥៩ ក្នុងនោះរួមមាន TikTok មួយផងដែរ ដោយហេតុផលបញ្ហាសន្តិសុខ និងសុវត្ថិភាពជាតិ៕