(ចិន)៖ រដ្ឋបាលភាពយន្តចិន បាននិយាយថា តំបន់រោងភាពយន្តដែលមានហានិភ័យទាប នៃជំងឺឆ្លងកូវីដ១៩ អាចដំណើរការបានឡើងវិញចាប់ពីថ្ងៃនេះតទៅហើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ដោយសារតែនៅតាមតំបន់ភាគច្រើន លើផ្ទៃប្រទេសត្រូវបានចាត់ទុកថា មានហានិភ័យទាប ដូច្នេះគេរំពឹងថា កន្លែងកំសាន្តដែលត្រូវបានបិទនាពេលកន្លងមក នឹងបើកដំណើរការឡើងវិញទូទាំងប្រទេស។ ជាក់ស្តែងរោងភាពយន្តនៅប្រទេសចិន បានបង្ខំចិត្តបិទទ្វារតាំងពីខែមករា ខណៈមនុស្សជាច្រើនក៏បានបង្ខំចិត្ត ឲ្យចាកឆ្ងាញពីអាជីវកម្មរបស់ពួកគេ និងបន្តនៅក្នុងផ្ទះ ដើម្បីការពារការរីករាលដាលកូវីដ១៩។
យ៉ាងណាមិញ រាល់រោងភាពយន្តដែលបើកដំណើរការឡើងវិញ នឹងត្រូវអនុវត្តន៍ច្បាប់តឹងរ៉ឹង ដោយក្នុងនោះការចាក់បញ្ចាំង គឺត្រូវកំណត់អ្នកចូលទស្សនាឲ្យមកនៅ ៣០ភាគរយ ខណៈចំនួនភាពយន្តដែលត្រូវបញ្ចាំងនៅតាមរោងនីមួយៗ ត្រូវកាត់បន្ថយឲ្យមកនៅ ត្រឹម៥០ភាគរយប៉ុណ្ណោះ។
បន្ថែមពីនេះមុននឹងចូលរោងភាពយន្ត គឺត្រូវឆ្លងកាត់ការពិនិត្យកំដៅ និងត្រូវពាក់ម៉ាស់ជាប្រចាំផងដែរទាំងអ្នកចូលទស្សនា និងបុគ្គលិករោងភាពយន្ត។ ចំណែកឯ ការបញ្ជាទិញសំបុត្រត្រូវធ្វើឡើងតាមរយៈអនឡាញ និងមានការបែងចែកក្រុមអតិថិជន ដោយអង្គុយនៅគម្លាត ១ម៉ែត្រ។ ក្រោមការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹងនេះ រាល់ភេសជ្ជៈ និងអាហារ មិនអនុញ្ញាតឲ្យយកចូលរោងភាពយន្តឡើយ។ កត្តានេះនឹងក្លាយជាផលប៉ះពាល់ថ្មីមួយ ព្រោះប្រៀបបាននឹងការបាត់បង់ប្រាក់ចំណូលសម្រាប់អាជីវករ។
គួរជម្រាបថា ប្រទេសចិនដែលជាចំណុចកណ្តាលនៃការរាតត្បាតកូវីដ១៩ គឺជាទីផ្សារភាពយន្តដ៏ធំទី២ របស់ពិភពលោក ជាមួយទំហំតម្លៃទីផ្សារភាពយន្តក្នុងស្រុក មានចំនួន៩.២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩៕