(ភ្នំពេញ)៖ អ្នកស្រី គង់ សុជាតិ ត្រូវបានចាត់ជា ពិធីការិនីមួយដួងដែលមានសំដីមិនចេះរីងស្ងួត និងសម្រស់មិនចេះចាស់ ហើយក៏អាចចាត់ទុកជាពិធីការិនីក្នុងប្រទេសលំដាប់ជួរមុខ ហើយក៏ជាពិធីការិនីដែលមិនអាចខ្វះបាន ពីម្ចាស់ផលិផលនាៗនាសម័យទំនើបនេះ។ ទាំងអស់នេះហើយដែលធ្វើអោយ អ្នកស្រី គង់ សុជាតិ ក្លាយជាតារាមួយដួងផ្នែក «ពិធីការិនី» ក្នុងដួងចិត្តប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
ដោយបានសាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ ផ្នែកជាពីធីករដែលជាកិច្ចការដ៏លំបាក ក្នុងការឈោងចាប់យកអាជីពមួយនេះ។ អ្វីទាំងអស់នេះហើយទើបធ្វើអោយមហាជននិងអ្នកគាំទ្រ នៅតែចង់ដឹងពីប្រវត្តិជីវិត ជីវភាពប្រចាំថ្ងៃ ទ្រព្យសម្បត្តិ ចំណងចំណូលចិត្ត ព្រមទាំងទម្លាប់ការរស់នៅដូចជាតារាផ្សេងទៀតដែរ។ ពេលនេះ Fresh News Plus បានស្វែងរកចម្លើយទាំងនេះមកជូនលោកអ្នកបានជ្រាប ។
* អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា
អ្នកស្រី គង់ សុជាតិ កើតនៅឆ្នាំ ១៩៧៦ នៅស្រុកសណ្តាន ខេត្តក្រចេះ ក្នុងសម័យប៉ុលពត។ បច្ចុប្បន្នរស់នៅ ក្រុង ភ្នំពេញ។ ឳពុកឈ្មោះ គង់ សង្វាត ជាប្រធានក្រុមហ៊ុនមួយនៅភ្នំពេញ ម្តាយឈ្មោះ ហង្ស សាណា មេផ្ទះ ។ មានបងប្អូន៤នាក់ ប្រុស២នាក់ ស្រី២ នាក់ អ្នកស្រីជាកូនបងគេ។ មានប្អូនប្រុសម្នាក់ឈ្មោះ គង់ សង្វាដានី ជាអ្នកចម្រៀង។ ស្វាមី ឈ្មោះ ជា វិបុល មានអាជីពជាពិធីករ ។ មានកូន៣នាក់ ប្រុសម្នាក់ ស្រី២នាក់។ កូនទីមួយប្រុសឈ្មោះ សាល វិបុត្រ កូនទីពីរស្រីឈ្មោះ សាល ភាពពិនាលី (បញ្ជាក់៖ កូនទាំង២នាក់នេះជាកូនស្វាមីមុន លោក ម៉ៅ សាលភាព) និងកូនស្រីទីបីឈ្មោះជា សុជាតិនារី កើតក្នុងឆ្នាំ២០១៩ (ជាកូនជាមួយស្វាមីលោក ជា វិបុល)។
គង់ សុជាតិ និងគ្រួសារមករស់នៅភ្នំពេញ ក្រោយថ្ងៃរំដោះ៧ មករា បាន២ឆ្នាំ គឺឆ្នាំ១៨៨១។ គង់ សុជាតិ មកដល់ភ្នំពេញបានចូលសិក្សាសាលា បឋមសិក្សាវត្តឧណ្ណាឡោម និងបន្តថ្នាក់មធ្យមសិក្សានៅសាលាវត្តកោះ និងវិទ្យាល័យព្រះស៊ីសុវត្តិ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ១៩៩៤ ។
* អំពីស្នាដៃក្នុងវិស័យសិល្បៈ
ក្នុងឆ្នាំ១៩៩៥ យុវតី គង់ សុជាតិ ទើបមានអាយុប្រហែល១៩ឆ្នាំ កំពុងជួយលក់ដូរនំចំណីពេលទំនេរពីការសិក្សា ដើម្បីរូមចំណែកជួយជីវភាពគ្រួសារ។ ក្នុងឆ្នាំនោះស្ថានីយ ទូរទស្សន៍ IBC (ប៉ុស្តិ៍ លេខ៥បច្ចុប្បន្ន) បានប្រកាសប្រឡងជ្រើសរើស «កញ្ញាឯក» របស់ក្រុមហ៊ុនសាប៊ូលុច្ស ដែលកម្មវីធីនោះមានឈ្មោះថា «កញ្ញាឯក សាប៊ូលុច្ស»។ ពេលនោះយុវតី គង់ សុជាតិ ក៏បានដាក់ពាក្យប្រឡងដែរ។ កម្មវីធីប្រឡងមានបេក្ខជនប្រមាណជាង១០០នាក់ ក្នុងនោះក៏មានបេក្ខនារី គង់ សុជាតិ ផងដែរ។ ថ្ងៃចុងក្រោយនៃការប្រឡង បានប្រកាសលទ្ធផល បេក្ខនារី គង់ សុជាតិ បានជាប់ឈ្មោះជាជយលាភី «កញ្ញាឯករូបថត» បានន័យថា «ជាកញ្ញាដែលថតរូបស្អាត» ចាប់ពីពេលនោះហើយដែល យុវតី គង់ សុជាតិ បានបោះជំហានលើវីថីសិល្បៈ។ ក្រោមការបន្តកិច្ចសន្យាការងាររវាងមួយក្រុមហ៊ុនសាប៊ូលុច្ស និងស្ថានីយ ទូរទស្សន៍ IBC ជាពេលដែលកញ្ញា កញ្ញា គង់ សុជាតិ ខិតខំរៀនសូត្រ និងប្រឹងប្រែងលើវិធីសិល្បៈមួយនេះ។
ក្រោយបញ្ចប់ការងារជាមួយក្រុមហ៊ុនសាប៊ូលុច្ស និងស្ថានីយ ទូរទស្សន៍ IBC នៅ ឆ្នាំ១៩៩៧ កញ្ញា គង់ សុជាតិ ក៏បាន ក្លាយជាអ្នកគ្រប់គ្រង ផ្នែកមួយនៅ ស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ និងចំណាយពេល៥ឆ្នាំ ដើម្បីក្រសោបបាននូវភាពល្បាញល្បីនេះ។ នៅលើទ្រនំ «ប៉ុស្តិ៍ លេខ៣» ជាមួយការងារពិធីការិនីនេះ កញ្ញា គង់ សុជាតិ បានជួបគូស្នេហ៍ដំបូងគឺ លោក ម៉ៅ សាលភាព ដែលជាប្រធានគ្រប់គ្រងទីផ្សារ នៃស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍ លេខ៣។
ក្នុងនាមជាអ្នកគ្រប់គ្រង ផ្នែកមួយនៅ ស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ កញ្ញា គង់ សុជាតិ ពិតជាបានខិតខំកសាងស្នាដៃលើវិស័យ « វហាសាស្រ្ត» នេះបានជោគជ័យ និង គួរអោយកត់សម្គាល់។ អំឡុងឆ្នាំ២០០២ ទៅឆ្នាំ២០០៣ គង់ សុជាតិ បានបើកផលិតកម្មថ្មីមួយ គឺផលិតកម្ម «SSB» ដោយមានការសហការណ៍គ្នាជាមួយលោក ហ្វៃ សំអាង និងជនជាតិថៃ មានប្អូនប្រុស គង់ សង្វាដានី ជាអ្នកចម្រៀង ។ ផលិតកម្ម «SSB» បានចាប់ផ្តើមថតរឿងភាពយន្ត ខ្នាតធំដំបូង ជា(ហ្វីល) គឺរឿង«ទុំទាវ » ហើយ គង់ សុជាតិ បានឈានចាប់យកការសម្តែងភាពយន្តបន្ថែមទៀត ដោយអ្នកស្រីសម្តែងតួ «ភរិយាលោកអរជូន» និងបន្ទាប់មកទៀតរឿងទី២ ជាតារាទឹកភ្នែក សម្តែងជាតួ«ភរិយាដើមរបស់លោកសេដ្ឋី » ក្នុងរឿង «មរណៈមាតា» ហើយទទួលបានការសរសើរគ្រប់ៗគ្នាពីអ្នកគាំទ្រ។ យើងនៅចាំបានថាពេលនោះវីស័យភាពយន្តហាក់ពិបាកប្រជែងទីផ្សារ និងមានការលួចចំឡង(Copy)ច្រើន ផងនោះ ធ្វើអោយផលិតកម្ម «SSB» សម្រេចបិទទ្វារក្នុងចុងឆ្នាំ២០០៤ ។
ក្រោយបញ្ចប់កិច្ចសន្យាការងារជាមួយ ស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ គង់ សុជាតិ បានប្តូរទ្រនំពីប៉ុស្តិ៍ លេខ៣ ទៅនៅក្នុងគ្រួសារស្ថានីយ ទូរទស្សន៍ MYTV វិញ។ ក្នុងពេលនោះក៏មិនខុសពីនៅទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ដែរ អ្នកស្រីបាន បំរើការដោយយកចិត្តទុកដាក់ និងនៅតែទទួលបានការគាំទ្រជាច្រើន ពិសេសពីម្ចាស់ផលិតផលនៅតែត្រូវការវត្តមានអ្នក ស្រី ក្នុងកម្មវិធីរបស់គេ។
ក្នុងឆ្នាំ២០១៨ គង់ សុជាតិ បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រី «កំពូលភេសជ្ជៈបាតាន់២០១៨» នាកញ្ចក់ទូរទស្សន៍ ហង្សមាស ដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបញ្ជាក់ថា អ្នកស្រី គង់ សុជាតិ បានចាកចេញពីប៉ុស្តិ៍ MyTV ចូលហង្សមាសជាផ្លូវការ ចាប់ពេលនោះមកដល់បច្ចុប្បន្ន។ គង់ សុជាតិ បានបោះជំហានចូលផលិតកម្ម«ហង្សមាស» ជាទីកន្លែងដែលពោលពេញដោយការងារមមាញឹករឹតតែច្រើន។ បច្ចុប្បន្ន អ្នកស្រី គង់ សុជាតិ កាន់កាប់កម្មវិធីប្រគំតន្ត្រីស្ថានីយ ទូរទស្សន៍ ហង្សមាស មានដូចជាកម្មវីធីប្រគំតន្ត្រី «ខារ៉ាបាវ» និង កម្មវីធី «Freshy Hero Kids Concert» «តន្រ្តីពិសេសថ្ងៃអាទិត្យ» ជាដើម។ ដោយឡែកនៅមានការថតផលិផល និងរឿងខ្លីប្រភេទអប់រំខ្លីៗជាច្រើនទៀត។
* អំពីជីវិតស្នេហា
គ្រប់គ្នាដែលជាអ្នកតាមដានពិតជាបានដឹងគ្រប់គ្នាថា អ្នកស្រី គង់ សុជាតិ ធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍វិពាហ៍ម្ដងរួចមកហើយ ជាមួយលោក ម៉ៅ សាលភាព ជាបុគ្កលិករូមការងារ និងជាប្រធានគ្រប់គ្រងទីផ្សារ នៅប៉ុស្តិ៍ លេខ៣នាពេលនោះ ហើយបានបន្សល់កូនពីរនាក់ជាចំណងដៃស្នេហ៍ កូនទីមួយប្រុសឈ្មោះ សាល វីបុត្រ និងកូនទីពីរស្រីឈ្មោះ សាល ភាពពិនាលី។ ក្រោមភាពមិនចុះសម្រុងគ្នា អ្នកទាំងពីរក៏សំរេចចិត្តបែកគ្នា ក្នុងឆ្នាំ២០១១តាមអំណាចសាលក្រមតុលាការ។
មកដល់នៅ ថ្ងៃ ទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៣ គង់ សុជាតិ សម្រេចចិត្ត ចូល រោងការជាលើកទី២ ជាមួយ លោក ជា វិបុល ជា អតីត ម្ចាស់ពានរង្វាន់ លេខ ១ Freshies boy ជំនាន់ទី២ ដែលមានអាយុតិចជាង៣ឆ្នាំ នៅឯសណ្ឋាគារអ៊ិន ធឺ កុងទីណង់តាល់ ជា សាធារណៈ ។ ក្រោយពិធីជប់លៀងមង្គលការហើយ អ្នកទាំងពីរបានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា ពួកគេទាំងពីរនាក់បានស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំហើយ ទើបពួកគេសំរេចចិត្តរៀបការនាពេលនោះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេរស់នៅបានចុះសម្រុងគ្នាដ៏មានសុភមង្គលនិងក្នុងឆ្នាំ២០១៩ ពួកគេបានបង្កើតកូនស្រីម្នាក់ដ៏ស្រស់ស្អាតបានដាក់ឈ្មោះថា ជា សុជាតិនារី។
* អំពីរឿងអស់សំណើច
យើងនៅចាំបានថាកាល ពី អ្នកស្រី គង់ សុជាតិ បង្ហាញមុខលើកញ្ចក់ ទូរទស្សន៍ «ហង្សមាស» ដំបូងបានធ្វើឲ្យមានការចាប់អារម្មណ៌ពីមហាជន និងអ្នកសារព័ត៌មាន។ ការចាប់អារម្មណ៌នេះបានធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួន លើកជាប្រធានបទ ក្នុងព័ត៌មានរបស់ខ្លួនថា «ពិធីការិនី គង់ សុជាតិ បានមកតាមប្តីក្មេង ព្រោះខ្លាចមានអ្នកទី៣»។ នៅពេលនោះអ្នកគាំទ្រ អ្នកស្រី គង់ សុជាតិ បានលើកឡើងវិញថា «ប្រពន្ធមកតាមធ្វើការជាមួយប្តីមានអីចំឡែក?»។ ហើយក្នុងខែ មិថុនា ឆ្នាំ ២០២០ មានការភ្ញាក់ផ្អើលម្តងទៀត នៅតាមសារព័ត៌មានមួយចំនួនបានចុះផ្សាយថា «អ្នកស្រី គង់ សុជាតិ ចូលពេទ្យដោយសារមានអ្នកទី៣ ជាមិត្តរួមអាជីពជ្រែកស្នហ៌» គឺជាការសំដៅលើពិធីការិនី អ្នកស្រី កែវ ចាន់និមល ដែលគេដឹងគ្រប់គ្នាថា អ្នកស្រីក៏មានស្វាមីហើយដែរ ។ តែអ្វីៗត្រូវស្ងាត់ទៅវិញ ក្រោយពីអ្នកស្រី គង់ សុជាតិ ចេញពីមន្ទីរពេទ្យនិងមកធ្វើការធម្មតាវិញ។
* អំពីជំនួញក្រៅពីសិល្បៈ
ក្រៅពីជំនាញជាពិធីការិនី អ្នកស្រី គង់ សុជាតិ មានជំនាញច្បាស់លាស់មួយទៀត គឺកែសម្ផស្ស។ បច្ចុប្បន្ន អ្នកស្រី គង់ សុជាតិ មានហាងកែសម្ផស្ស ២សាខា។ មួយកន្លែងនៅសង្កាត់បឹងកកទី១ ខណ្ឌទួលគោក និងមួយកន្លែងទៀតនៅម្តុំ DN។ មុខជំនួញមួយនេះបានដំណើរការយ៉ាងរលូនជាង១០ឆ្នាំ ដែលបានបណ្ដុះបណ្តាលអ្នកជំនាញជាច្រើនអ្នកបានចេញប្រកបជំនាញមួយនេះ។ ក្រៅពីជំនាញនិង និងមុខរបរខាងលើ អ្នកស្រី គង់ សុជាតិ តែងតែលេចមុខលើស្ព័ត ពាណិជ្ជកម្មនានា និងរឿងអប់រំមិនដែលដាច់។
* អំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិ
យើងដឹងហើយថា នាយុគសម័យទំនើបនេះ ការផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលផ្សេងៗ ត្រូវការអ្នកមានទេពកោស្យ និងភាពល្បីល្បាញដើម្បីទាក់ទាញអតិថិជនរបស់គេ ដូចនេះអ្នកស្រី គង់ សុជាតិ ជាមុខសញ្ញាមួយ មិនអាចខ្វះបានពីពួកគេ ។ ដូចនេះហើយទើបកម្មវិធីធំៗលើកកញ្ចាក់ ទូរទស្សន៍ មិនអាចអវត្តមាន អ្នកស្រីបានឡើយដែលធ្វើអោយតម្លៃខ្លួនក៏មិនធម្មតាដែរ តាមការឲ្យដឹងគឺមានរាប់ម៉ឺនដុល្លារឯណោះ។ ចំណែកការថតស្ព័តពាណិជ្ជកម្ម និងរឿងអបរំខ្លីវិញ គឺពី៣០០០ទៅ ៥០០០ដុល្លារ។ ចំពោះចំណូលពីការធ្វើជំនួញវិញ មានការបើកសាលាបង្រៀនកែសម្ផស្សលំដាប់អន្តរជាតិគ្រប់បែបដែលមានតម្លៃទៅតាមវគ្គនិមួយៗអាចពី៣០០ដុល្លារ ទៅរាប់ពាន់ដុល្លារ ព្រោះជាជំនាញច្បាស់លាស់ ។
ចំពោះទ្រព្យសម្បត្តិវិញអ្នកស្រី មានគេហដ្ឋានផ្ទាល់ខ្លួនមួយកន្លែងនៅតំបន់ទួលគោក ជាតំបន់សក្តានុពល នៃសេដ្ឋកិច្ច ដែលមានតម្លៃថ្លៃខ្ពស់នៅក្នុងក្រុងភ្នំពេញ។ មានរថ្តយន្ត ប្រភេទ Kia carnival ប្រភេទទំនើប ដែលមានតំលៃជិត១០ម៉ឺនដុល្លារ។ ព្រមទាំងមានអចលនទ្រព្យផ្សេងទៀត។ ចំពោះគ្រឿងអលង្កាមានអ្វីខ្លះ Fresh News Plus មិនអាចបញ្ជាក់ជូនបានទេ។
* អំពីទម្លាប់ និងចំណង់ចំណូល
ជាទម្លាប់ រាល់ព្រឹក អ្នកស្រី គង់ សុជាតិ តែងតែបង្ហាញវត្តមានក្នុងហាងកែសម្ផស្សទាំង២ របស់អ្នកស្រីដើម្បីត្រួតពិនិត្យ ការងារ ហើយបន្ទាប់មកធ្វើកិច្ចការផ្សេងទៀត ឯការងារថតនិងកម្មវិធីផ្សេងៗ មានកាលវិភាគត្រឹមត្រូវ ។ អ្នកស្រីទម្លាប់លេងតាមបណ្តាញ សង្គម Instagram (IG) ជាង Feabook ដែលបណ្តាញសង្គម IG មានអ្នក Followers 511K។ ពេលចេញក្រៅម្តងៗតែងមានស្វាមី ជូនជានិច្ច និងនិយមសម្លៀកបំពាក់ រលុងៗបែបសាមញ្ញៗ និយមគ្រឿងអលង្កាលតូចៗ។ សម្លៀកបំពាក់ ក្នុងសង្គមប្រពៃណីជាការឆ្នៃម៉ូដនិងរើសក្រណាត់ដោយអ្នកស្រីផ្ទាល់ និងមានជាងកាត់ដេរដោយផ្ទាល់ផងដែរ។
យូរៗម្តងអ្នកស្រីតែងមានដំណើរកម្សាន្តជាគ្រួសារដោយរួមទាំងឪពុកម្តាយផងដេរ។ ចំពោះអាហារអ្នកស្រី គង់ សុជាតិ ញាំមិនសូវរើសទេ ចំណែកភេសជ្ជៈក៏ដូច្នោះដែរ ទៅតាមកម្មវិធីគេរៀបឲ្យតែបើកម្មវិធីនៅផ្ទះជួបជុំបងប្អូន មិត្តភ័ក្រ និយមស្រាក្រហមជាង។ អ្នកស្រី គង់ សុជាតិ មានភាពស្និតស្នាលនិងផ្តល់ភាពរីករាយជាមួយ បុគ្គលិក និងអ្នករួមការងារ៕