(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នាវេលាម៉ោង ៣រសៀលនេះហើយ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់កម្មវិធីប្រកួតជើងទី២ នេះ ក្រុមជម្រើសខេត្តព្រៃវែង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯករងឆ្នាំចាស់ខេត្តសៀមរាប នៅកីឡដ្ឋានខេត្តព្រៃវែង និងក្រុមជម្រើសខេត្តកែប ត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានខេត្តកែប ។
គួរដឹងថា កាលពីជើងទី១ ខេត្តព្រៃវែង បានយកឈ្នះខេត្តសៀមរាបក្រៅដី ២-០ ។ ឯខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តកែបក្នុងដី ២-១ ។ តាមរយៈលទ្ធផលនេះ ឃើញថាខេត្តព្រៃវែង និងត្បូងឃ្មុំ កំពុងមានប្រៀប តែក្រុមចាញ់ ក៏មិនទាន់អស់សង្ឃឹមដែរ ដោយត្រូវចាំអ៊ុតលទ្ធផលប្រកួតកាត់សេចក្ដីជើងទី២ ថ្ងៃនេះ ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ នៅពហុកីឡដ្ឋានជាតិ ក្នុងនោះបេក្ខភាពប្រជែងចំណាត់ថ្នាក់លេខ៣ ត្រូវប្រកួតម៉ោង ៣រសៀល និងបេក្ខភាពប្រជែងជើងឯក ត្រូវប្រកួតម៉ោង ៦ល្ងាច៕