(ភ្នំពេញ)៖ ខ្សែការពារក្លិបបឹងកេត សឿត ណាវ៉ា បានឡើងថា មិនទាន់ប្រាកដពីការប្រជែងកៅអី ឆ្ពោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship Uzbekistan 2020 នៅអ៊ូបេគីស្ថាន នាខែតុលាខាងមុខនោះទេ ប៉ុន្ដែគេរំពឹងថា ជម្រើស ២៣នាក់ចុងក្រោយ នឹងល្អបំផុតសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា។
ការលើកឡើងបែបនេះ បន្ទាប់ពីលោក Gyotoku Koji គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា បានកោះហៅកីឡាករ ៣៩នាក់ មកធ្វើតេស្ដ ដើម្បីចម្រាញ់កីឡាករ ២៣នាក់ ធ្វើដំណើរទៅប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020។ ជាមួយគ្នា សឿត ណាវ៉ា ក៏បានគាំទ្រ ចំពោះការផ្ចិតផ្ចង់ក្នុងការធ្វើតេស្ដនេះដែរ។
សឿត ណាវ៉ា និយាយថា «សម្រាប់ខ្ញុំ ក៏ខ្ញុំមិនហ៊ានប្រាកដែរ។ ប៉ុន្ដែយើងនៅតែខំប្រឹងដូចគ្នា កីឡាករណាជាប់ ២៣នាក់ចុងក្រោយ ក៏នៅតែជាគោលដៅតែមួយ។ ចឹងសង្ឃឹមថា ២៣នាក់ចុងក្រោយ គឺល្អបំផុតសម្រាប់កម្ពុជា...។ ខ្ញុំសប្បាយចិត្ត ដែលមានកីឡាករច្រើនមកធ្វើតេស្ដ ធ្វើឲ្យការប្រកួតប្រជែងគ្នា គឺខ្លាំង។ ចឹងកីឡាករម្នាក់ៗ នឹងខំប្រឹង ហើយកម្រិតយើង នឹងឡើងតាមហ្នឹង»។
ជុំវិញការធ្វើតេស្ដក្រុមជម្រើសជាតិ U19 កម្ពុជានេះដែរ បើតាមលោក Gyotoku Koji ធ្លាប់បានបញ្ជាក់ថា អាចនឹងប្រើពេលយូរ ដើម្បីសម្រិតសម្រាំងរកកីឡាករល្អ បន្ទាប់ពីចាប់ផ្ដើមកាលពីសប្ដាហ៍មុន។ ម្យ៉ាងវិញទៀត បើមានឱកាស លោកក៏គ្រោងទៅបោះជំរុំហ្វឹកហាត់ក្រៅស្រុក ដើម្បីពង្រឹងសមត្ថភាពឲ្យបានប្រសើរ មុនការប្រកួតមកដល់ផងដែរ។
គួរបញ្ជាក់ថា ការប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020 គ្រោងចាប់ផ្ដើមថ្ងៃទី១៤-៣១ ខែតុលា ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់។ ចំពោះកម្មវិធីប្រកួត កម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ នៅថ្ងៃទី២០-តុលា ឆ្នាំ២០២០៕