(បរទេស)៖ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានឱ្យដឹងថា ខ្លួនមានគម្រោងជ្រើសរើសបុគ្គលិកបន្ថែមទៀតប្រមាណ ជា ១ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុន TikTok ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនកំពុងពិចារណាជ្រើសរើសទីតាំងសមស្របណាមួយនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និង ទីតាំងមួយចំនួនទៀត ដើម្បីបើកការិយាល័យកណ្ដាលសម្រាប់ TikTok ហើយសម្រាប់អាមេរិកវិញ គិតមកដល់ពេលនេះគឺមានបុគ្គលិកប្រមាណជា ១៤០០នាក់ ដែលកើនឡើងពី ៥០០នាក់ កាលពីខែមករា ដើមឆ្នាំ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបានលើកឡើងថា ក្រុមហ៊ុន TikTok គួរតែប្ដូរពីក្រុមហ៊ុនចិន មកជា ក្រុមហ៊ុន អាមេរិកឯករាជ្យមួយ ដែលមានមូលដ្ឋានក្រៅពីប្រទេសចិន ដើម្បីចែកឱ្យដាច់ថា TikTok មិនមែនជាក្រុមហ៊ុនចិន ឬមិនជាប់ពាក់ព័ន្ធនឹង រដ្ឋាភិបាលចិន ហើយក៏ដើម្បីគេចផុតពីហាមឃាត់នៅសហរដ្ឋអាមេរិកផងដែរ៕