(ចិន)៖ គ្រប់លទ្ធផលមកពីការធ្វើតេស្តរកវីរ៉ុស COVID-19 មុនពេលរដូវកាលប្រកួតចាប់ផ្តើម ចំពោះកីឡាករ នៃលីគ Chinese Super League (CSL) បានរកឃើញថា មានភាពអវិជ្ជមានទាំងអស់ មុនពេលរដូវកាលចាប់ផ្តើម នៅថ្ងៃទី២៥ ខែកក្កដានេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយ នាយប់ថ្ងៃទី២១ ខែកក្កដានេះ។
កីឡាករសរុបចំនួន១,៨៧០នាក់ មកពីក្លិបបាល់ទាត់ នៅទីក្រុង Suzhou និងទីក្រុង Dalian របស់ចិន ត្រូវបានគេធ្វើតេស្ត។
ក្លិបបាល់ទាត់ Qingdao Huanghai ជាក្រុមដំបូងគេ ដែលបានធ្វើដំណើរមកដល់ទីតាំង នៅថ្ងៃទី១៨ ខែកក្កដា។ ក្រុមទាំង១៦ក្រុម ត្រូវបានចូលស្នាក់នៅសណ្ឋាគារ នាថ្ងៃទី២០ ខែកក្កដា។
កីឡាករម្នាក់ នឹងត្រូវធ្វើតេស្តរកវីរ៉ុស COVID-19 ម្តង ក្នុងមួយសប្តាហ៍ នៅអំឡុងពេលប្រកួត។ លើសពីនេះទៀត កីឡាករនិងអាជ្ញាកណ្តាល នឹងត្រូវបានកំណត់ឲ្យនៅ «តំបន់ខៀវ» ដែលរួមបញ្ចូលទាំងនៅសណ្ឋាគារ និងផ្នែកខ្លះនៃពហុកីឡាដ្ឋាន ហើយត្រូវបានអនុញ្ញាត ឲ្យចាកចេញពីតំបន់ខៀវនោះ សម្រាប់តែការប្រកួត និងការបណ្តុះបណ្តាលប៉ុណ្ណោះ។
សូមបញ្ជាក់ថា រដូវកាលថ្មី នៃព្រឹត្តិការណ៍បាល់ទាត់ CSL ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនោះ, ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើង នៃវីរ៉ុស COVID-19 ហើយនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដានេះ៕