(ចិន)៖ ក្រុមហ៊ុន Alibaba Group បានប្រកាសឱ្យដឹងថា ខ្លួនត្រៀមដាក់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធចូលទៅកាន់ទីផ្សារហ៊ុន សៀងហៃ និង ហុងកុង នៅថ្ងៃចន្ទខាងមុខនេះ ដែលអាចនឹងទទួលបានទឹកប្រាក់ប្រមាណជា ២០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

Ant Group ឬ Alipay ជាបុត្រសម្ព័ន្ធដ៏ធំមួយរបស់ក្រុមហ៊ុន Alibaba Group ដែលបច្ចុប្បន្នជាប្រភពចំណូលដ៏ធំមួយផ្នែករបស់ Alibaba ព្រោះថា Alipay ជា Mobile Payment មួយដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុងមួយថ្ងៃៗ។

គេនៅមិនទាន់ដឹងច្បាស់នោះទេថា ក្រុមហ៊ុន Alibaba នឹងលក់ហ៊ុនរបស់ Ant Group តម្លៃប៉ុន្មាន ប៉ុន្តែក្រុមអ្នកវិភាគ Wall Street បានប៉ាន់ប្រមាណថា តម្លៃហ៊ុនសរុបរបស់ Ant Group នៅលើទីផ្សារហ៊ុនសៀងហៃ និង ហុងកុង នឹងទទួលបាន ២០០ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា Alipay ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០០៤ សម្រាប់ធ្វើការទូទាត់ទំនិញតាមអនឡាញ វាត្រូវបានគេប្រើជាប្រភេទ QR Code ផងដែរ ហើយវាក៏បានក្លាយជាកម្មវិធីមួយដ៏ពេញនិយមដោយសារតែរាល់ការទិញទំនិញអនឡាញទាំងអស់នៅក្នុងប្រទេសចិន គឺសុទ្ធតែអាច ប្រើជាមួយវាបាន ជាពិសេសគឺរបស់ការទិញទំនិញចេញពីគេហទំព័រ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ Alibaba ។

គួរបញ្ជាក់ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group ភាគច្រើនគឺជាកម្មសិទ្ធិរបស់លោក Jack Ma ហើយបើសិនជាដាក់លក់នៅលើទីផ្សារហ៊ុន ដោយទទួលបានប្រាក់ ២០០ពាន់លាន នោះ Jack Ma អាចនឹងក្លាយជាកំពូលអ្នកមានលុយច្រើនជាងគេបំផុតនៅចិន៕