(បាសេឡូណា)៖ គ្រប់កីឡាករទាំងអស់នៃក្លិបបាល់ទាត់ FC Barcelona ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ១សប្តាហ៍ មុនការប្រមូលផ្តុំមកវិញ ដើម្បីប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនាដើមខែក្រោយនេះ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា all football បានចេញផ្សាយថា ក្រុមរបស់លោក Quique Setien ពុំទាន់ឈ្នះពានធំណាមួយនៅឡើយទេក្នុងរដូវកាលនេះ ក្រៅពីជាប់ចំណាត់ថ្នាក់លេខ២ នៅ La Liga ដែលបានបិទបញ្ចប់កាលសប្តាហ៍មុន របូតពានលីគកំពូលអេស្ប៉ាញមួយនេះទៅក្រុមអធិរាជស Real Madrid។
យ៉ាងណាមិញ ក្រុមលំដាប់កំពូលដែលមានមូលដ្ឋាននៅតំបន់ Catalan ស្ថិតក្នុងទីក្រុង Barcelona ខាងលើ នឹងវិលចូលទីលានហ្វឹកហាត់វិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីជួបក្រុមពពកស Napoli របស់អ៉ីតាលី ជើងទី២ នៃពានរង្វាន់ Champions League ដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Camp Nou។
ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដី Napoli ដែលធ្វើឲ្យក្រុមធ្លាក់ក្នុងវគ្គ ៤ក្រុមចុងក្រោយកាលពីរដូវកាលមុនមួយនេះ មានសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គ ៨ក្រុម ប្រសិនបើក្រុមភ្ញៀវ Napoli មិនអាចរកគ្រាប់បាល់ក្រៅដីបានទេនោះ៕