(ព្រៃវែង)៖ ដោយទឹកចិត្តអាណិតអាសូរ និងរន្ធត់ឥតគណនាដល់ជនរងគ្រោះ ក្នុងហេតុការណ៍ឆេះផ្ទះលក់ហ្គាសកណ្ដាលរាជធានីភ្នំពេញបណ្ដាលឲ្យមនុស្ស៤ នាក់ស្លាប់ និង៥នាក់ របួសធ្ងន់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ សម្រាប់តារាចម្រៀង លោក ខាន់ ជេមស៍ បានសម្រេចបន្តនាំយកថវិកា ទៅជូនដល់គ្រួសារកម្មករដែលបានស្លាប់ និងរបួសដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅក្នុងឃុំក្រាំងត្រយ៉ ស្រុកពាមជរ៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងការធ្វើដំណើរដល់ផ្ទះគ្រួសារកម្មករជនរងគ្រោះ ដល់ស្លាប់ចំនួន២នាក់នៅថ្ងៃនេះ គេបានដឹងថាយ៉ាងតិចទឹកប្រាក់ចំនួន ១០០០ដុល្លារត្រូវបានតារាចម្រៀង ខាន់ ជេមស៍ រួមជាមួយលោកអគ្គនាយក «ASPOR» យកទៅជួយដល់គ្រួសារភ្លើង ឆេះ ផ្ទះនៅផ្លូវត្រសក់ផ្អែម កាលពីពេលថ្មីៗនេះ ហើយបច្ចុប្បន្ន តារាចម្រៀងរូបនេះកំពុងតែស្វែងរកសប្បុរសជនជាច្រើនទៀត ដើម្បីបន្តជួយដល់ក្រុមគ្រួសាររងគ្រោះទាំងអស់បន្ថែមទៀត។

តារាចម្រៀង ខាន់ ជេមស៍ បានថ្លែងប្រាប់ Fresh News Plus ថា សម្រាប់ម្ចាស់ផ្ទះ ដែលជាក្រុមគ្រួសាររងគ្រោះផ្ទាល់នោះ រូបលោក រួមជាមួយលោកអគ្គនាយក «ASPOR» ធ្លាប់បានឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ រួចម្ដងហើយ។ ចំណែកកម្មករ ដែលបានស្លាប់ក្នុងហេតុការណ៍នោះ លោកបានធ្វើដំណើរយកថវិកា ទៅជូនដល់ក្រុម គ្រួសារផ្ទាល់នៅថ្ងៃនេះ ស្ថិតក្នុងខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារទទួលបានថវិកា ឧបត្ថម្ភចំនួន ៦៥០ដុល្លារ ដើម្បីជារួមចំណែកជួយដោះស្រាយការលំបាក និងចូលរួមរំលែកទុក្ខផងដែរ។

លោកបន្តថា ថវិកាសរុបដែលសប្បុរសជនបានចូលរួម ជាមួយរូបលោកនោះ មានសរុបរហូតដល់ទៅ ជាង៣ពាន់ដុល្លារឯណោះ។ សូមបញ្ជាក់ថា នេះមិនមែនជាសកម្មភាព សប្បុរសធម៌លើកទី១ របស់លោក ខាន់ ជេមស៌ នោះឡើយជារឿយៗ តារាចម្រៀងទើបតែក្លាយជាទូតសុឆន្ទៈប្រចាំ ប្រទេសកម្ពុជាឲ្យក្រុមហ៊ុន «ASPOR» រូបនេះតែងតែជួយដល់ជនក្រីក្រជា ញឹកញាប់មកហើយផងដែរ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់និង៥នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍ផ្ទុះ ហ្គាសមួយដែលកើតឡើង នាវេលាម៉ោងប្រមាណ៤កន្លះល្ងាច ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ នៅហាងលក់ហ្គាសមួយកន្លែង ស្ថិតនៅតាមបណ្ដោយ ផ្លូវត្រសក់ផ្អែមសង្កាត់ ផ្សារថ្មី៣ រាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ចគ្រោះ អកុសលនេះ កើតឡើងដោយសារ តែការផ្សារអេឡិចទ្រិច ធុងហ្គាស ខុសបច្ចេកទេសបង្ក ឲ្យផ្ទុះធុងហ្គាសហើយបង្កើតជាអគ្គិភ័យឆាបឆេះឡើង បង្កឲ្យមានសោកនាដកម្មបែបនេះតែម្ដង៕