(បរទេស)៖ តារាស្រី Zaina Sze ត្រូវបានគេចាត់ទុកថា ជាតារាហុងកុងដំបូងគេបង្អស់ ដែលធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ បន្ទាប់ពីទើបតែបានទៅសម្តែងនៅទូរទស្សន៍ TVB កាលពីថ្ងៃទី១៦កន្លងទៅ។ ចំណុចនេះ បានធ្វើឲ្យទូរទស្សន៍ TVB របស់ហុងកុង បានបិទទីស្នាក់ការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨ និង១៩ ខែកក្កដា ដើម្បីធ្វើការបោសសំអាតអនាម័យ ក្រោយមានការភ័យខ្លាចចំពោះកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

យោងតាមរបាយការណ៍បានឲ្យដឹងថា តារាស្រីវ័យ ២៤ឆ្នាំ Sze មិនមានរោគសញ្ញាអ្វី ពីកូវីដ១៩ឡើយ ប៉ុន្តែបានសម្រេចចិត្តទៅធ្វើតេស្តរកកូវីដ១៩ ព្រោះតែមនុស្សនៅជុំវិញនាងមួយចំនួនមានរោគសញ្ញា។ ក្រោយធ្វើតេស្ត លទ្ធផលបានបង្ហាញនៅថ្ងៃទី១៨ ខែកក្កដា ថានាងបានឆ្លងកូវីដ១៩។

មនុស្សដែលមានទំនាក់ទំនងជាមួយ Sze ដូចជាអ្នកគ្រប់គ្រងរបស់នាង និងមិត្តប្រុសរបស់អ្នកគ្រប់គ្រងនាង, តារាសម្តែង Robert Mak ក៏សុទ្ធតែបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ផងដែរ។ យោងតាមសារព័ត៌មានហុងកុង បានចេញផ្សាយថា តារាសម្តែង Mak ដែលមានវ័យ ៦២ឆ្នាំ គឺមានអាការៈពិបាកដកដង្ហើម។

តារាសម្តែង និងជាតារាចម្រៀងស្រី Irene Wan ក៏ជាមនុស្សម្នាក់ ក្នុងចំណោមជាច្រើននាក់ទៀត ​បានចូលរួមការប្រគំតន្ត្រី «Jade Solid Gold» ផងដែរ។ តែយ៉ាណា Wan បានបញ្ជាក់ថា និងមិនមានទំនាក់ទំនងជាមួយ Sze នោះទេ ព្រោះនាងបានចាកចេញ នៅពេលដែល Sze មកដល់។

បន្ថែមពីនេះ តារាស្រី Kayan Yau ក៏បានធ្វើតេស្តរកកូវីដ១៩ដែរ ព្រោះនាងបានចូលរៀនវគ្គសម្តែងជាមួយ Sze កាលពីសប្តាហ៍មុន​ ខណៈលទ្ធផលនៃការធ្វើតេស្ត ត្រូវបាននាងបង្ហោះតាមបណ្តាញសង្គមថា អវិជ្ជមាន៕